ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅភាគកណ្តាលអ៊ុយក្រែន

ចែករំលែក៖

រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថា កាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងខេត្ត Poltava ភាគកណ្តាល មិនយូរប៉ុន្មានបន្ទាប់ពីមានព័ត៌មានថា Crimea រងការវាយប្រហារពីអ៊ុយក្រែន។
លោក Dmytro Lunin ប្រមុខរដ្ឋាភិបាលយោធានៃខេត្ត Poltava បាននិយាយកាលពីយប់ថ្ងៃទី ១ ខែមីនា (ម៉ោងក្នុងស្រុក) ថា “សត្រូវបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងស្រុក Kremenchuk” ។ “ព័ត៌មានអំពីការខូចខាតកំពុងត្រូវបានធ្វើបច្ចុប្បន្នភាព” ។
មុននេះនៅល្ងាចថ្ងៃទី១ មីនា អាជ្ញាធរអ៊ុយក្រែនបានចេញការព្រមានវាយប្រហារតាមអាកាសក្នុងតំបន់ជាច្រើន។ នៅ Poltava ការព្រមានអំពីការវាយឆ្មក់តាមអាកាសត្រូវបានបង្កឡើងពីរដង ប្រហែលកន្លះម៉ោងរៀងរាល់លើក។ យោងតាមសារព័ត៌មាន PravdaUkraine មន្ត្រីក្នុងតំបន់បានអះអាងថា បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអត្តឃាតរបស់រុស្ស៊ីចំនួន ៤គ្រឿង ប៉ុន្តែមិនបាននិយាយពីមីស៊ីលនោះទេ។
ក្នុងអំឡុងពេលវាយឆ្មក់នៅអ៊ុយក្រែន រុស្ស៊ីតែងតែប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាត ដើម្បីធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់ Kiev អសមត្ថភាព ឬមិនអាចកំណត់គោលដៅវាយស្ទាក់ មុនពេលបាញ់មីស៊ីលឆ្លងទ្វីបចំគោលដៅនៅក្នុងប្រទេសអ៊ុយក្រែន ដោយមិនមានអ្វីមករារាំងបានឡើយ។
ការវាយប្រហារតាមអាកាសចុងក្រោយបង្អស់របស់រុស្ស៊ីបានកើតឡើងបន្ទាប់ពីក្រសួងការពារជាតិរបស់ប្រទេសនេះបានប្រកាសថាខ្លួនបាន “ការពារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទ្រង់ទ្រាយធំ” នៅលើឧបទ្វីបគ្រីមៀ ដែលក្នុងនោះ UAVs Kiev ចំនួន 10 គ្រឿងត្រូវបានបាញ់ទម្លាក់ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖