ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់ដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់ស្ដីពីការងារជ្រាបថា រាជរដ្ឋាភិបាលបានចេញ សេចក្តីសម្រេចលេខ៨៩ សសរ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ស្ដីពីការបង្កើតគណៈកម្មការអន្តក្រសួងជំរុញនិង ត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស។ គណៈកម្មការអន្តរក្រសួង បានដាក់ចេញនូវផែនការ ប្រតិបត្តិការ ជាពីរដំណាក់កាល៖ ទី១ ពីខែមករា ដល់ខែមីនា ជាដំណាក់កាលស្វ័យប្រកាស និងបំពេញឯកសារ ទី២ ពីខែមេសា ដល់ខែមិថុនា ជាដំណាក់កាលចុះប្រតិបត្តិការអធិការកិច្ចជាក់ស្ដែង។
អនុវត្តតាមស្មារតីនៃកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅក្នុងព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរម្លឹកដល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់ ឱ្យបានជ្រាបថា៖
១-ចំពោះជនបរទេសដែលធ្លាប់មានបណ្ណការងារនិងសៀវភៅការងារ ត្រូវស្នើសុំពន្យារសុពលភាពបណ្ណ ការងារនិងសៀវភៅការងារជនបរទេស ឱ្យបានមុន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ជាកំហិត។
២-ចំពោះជនបរទេសដែលទើបចូលមកធ្វើការ ឬប្រកបមុខរបរណាមួយនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញឯកសារឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ការស្នើសុំបណ្ណការងារនិងសៀវភៅការងារជនបរទេស និងការពន្យារសុពលភាពបណ្ណការងារនិង
សៀវភៅការងារជនបរទេស ត្រូវធ្វើតាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសទាំងអស់ នឹងចូលរួមអនុវត្ត តាមសេចក្ដីជូនដំណឹងនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សហការី