ខេត្តកំពង់ធំ៖ អ្នកសារព័ត៌មានពិការជើងម្ខាងម្នាក់ បានស្លាប់យ៉ាងអណោចអាធ័ម នៅពេលកំពុងដេកសុខៗ ត្រូវបានបង្គោលអង្រឹង ផ្នែកខាងចុងជើងរលំវាយចំពីលើក្បាល។
ករណីនេះកើតឡើងវេលាម៉ោងប្រមាណ១២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្ថិតត្រង់ចំណុចទល់មុខផ្លូវព្រៃសហគមន៍បុស្សលាវ ក្នុងភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមប្រភពពីប្រពន្ធជនរងគ្រោះឲ្យដឹងថា ដោយឃើញទីធ្លានៅទីនេះស្អាត និង ងងុយដេកផងនោះ ប្តីរបស់គាត់ បានប្រើឲ្យគាត់យកអង្រឹងមកចង តែគាត់ហុចអង្រឹងឲ្យហើយប្រាប់ថាឯងចងខ្លួនឯងទៅ ។ ប្រភព ដដែលបន្តទៀតថា ពេលដេកភ្លាមមិនទាន់ដួលរលំបង្គោលអីទេ ប៉ុន្តែពេលចូលដេកក្នុងអង្រឹងមួយសន្ទុះក្រោយមក លាន់ស្នូរភឹស ដោយមិនចាប់អារម្មណ៍ថារលំបង្គោលអង្រឹងនោះទេ ស្មានថាផ្ទុះហ្គាសឡាន ។ ភ្លាមនោះក៏ចេញមកមើលស្រាប់តែឃើញប្តីរបស់គាត់ ដេក ស្តូកនៅនឹងដី បាត់មាត់បាត់កឈឹង សូម្បីតែចលនាបន្តិចក៏គ្មានដែរ ទើបដឹងថាប្តីគាត់បានស្លាប់ទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ឡុច រ៉ែន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានតួនាទីនិពន្ធនាយក បំរើការងារក្នុងអង្គភាពគេហទំព័រ “ស្ពានសន្តិភាព”និងប្រពន្ធមានឈ្មោះ យ៉ែម ចន្ធី អាយុ៦៤ ជនជាតិខ្មែរ រស់នៅភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
បន្ទាប់ពីពិនិត្យ ធ្វើកោសល្យវិច័យ ជនរងគ្រោះពិតជាបានស្លាប់ដោយសារបង្គោលអង្រឹងដួលសង្កត់ពីលើ ពិតប្រាកដមែន ។ បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា