ភ្នំពេញ ៖ ខេត្តចំនួន៥ទៀត នៅជាប់តំបន់ជួរភ្នំក្រវាញ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងប៉ៃលិន បន្តរៀបចំធ្វើយុទ្ធនាការអន្ទាក់សូន្យ ដើម្បីសង្រ្គោះជីវិតសត្វព្រៃដែលកំពុងប្រឈមនឹងការវិនាសផុតពូជ ខណៈអន្ទាក់នៅតែជាឃាតក លាក់មុខ ហើយបាននិងកំពុងគំរាមកំហែងខ្លាំងចំពោះការរស់រានរបស់សត្វព្រៃ ដែលមានការសហការគ្នា រវាងក្រសួងបរិស្ថាន និងអង្គការអភិរក្ស។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមីនា ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ នឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំខែ គឺចាប់ពីខែមីនា ដល់ខែកក្កដា ដើម្បីបង្ហាញពីភាពជាដៃគូរវាងភាគីពាក់ព័ន្ធ ក្នុងការធ្វើការរួមគ្នាស្វែងរកដំណោះស្រាយចំពោះកត្តាប្រឈម និងការគំរាម កំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិដែលកំពុងកើតមាន សំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា និងបញ្ឈប់ការជួញដូរសត្វព្រៃដែលត្រូវបានហាមឃាត់ដោយច្បាប់។
លោកមានប្រសាសន៍ថា «យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ មានគោលដៅសំខាន់ៗចំនួន៤រួមមាន៖ ទី១. ពាក់ព័ន្ធនឹការពង្រឹង និងការគាំទ្រប្រ មូលធនធាន ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ, ទី២. ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់, ទី៣. ការពង្រឹងលើការងារអនុវត្តច្បាប់ ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងគោលដៅដើម្បីកាត់បន្ថយចំនួនអន្ទាក់ នៅតំបន់ការពារធនធានធម្មជាតិ, និងទី៤. ការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ សាធារណៈជន ជាពិសេសអ្នកនិយមបរិភោគសាច់ព្រៃ ដែលយល់ ច្រឡំថាសាច់ព្រៃ គឺជាអាហារប៉ូវកម្លាំង បំប៉នសុខភាព និងព្យាបាលជំងឺផ្សេងៗ ដើម្បីឱ្យពួកគាត់លះបង់នូវការយល់ច្រឡំបែបនេះ ហើយងាកមកចូលរួមការពារ និងអភិរក្ស»។
លោក សេង ទៀក អង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF ប្រចាំកម្ពុជា បានថ្លែងថា អន្ទាក់នៅតែបង្កឱ្យសត្វព្រៃនៅកម្ពុជាបាត់បង់ពីក្នុងព្រៃធម្មជាតិ ដោយក្នុងនោះកាលពីឆ្នាំ២០២២ អន្ទាក់ប្រមាណជាង៣ម៉ឺន៥ពាន់អន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា។ តែទោះជាយ៉ាងនេះក្តី ចំនួនអន្ទាក់ដែលត្រូវបានដោះក្នុងឆ្នាំកន្លងទៅនេះ មានការថយចុះជាង៤៤ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលត្រូវបានដោះចេញជាង៦ម៉ឺនអន្ទាក់។ បន្ទាប់ពីទទួល បានសារអប់រំ និងផ្សាយ តាមរយៈយុទ្ធនាការអន្ទាក់សូន្យ ដែលបានអនុវត្តកាលពីឆ្នាំទៅ នៅខេត្តនៃតំបន់ការពារធម្មជាតិរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងរតនគិរី។
ផ្អែកតាមរបាយការណ៍ឆ្នាំ២០២០ របស់អង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF ប្រចាំកម្ពុជា បានវាយតម្លៃថា អន្ទាក់ គឺជាដើមចមធ្វើឱ្យបាត់បង់នូវសត្វកម្រមួយចំនួនដូចជា សត្វខ្លាធំ ខ្លារខិន ខ្លាពពក ឆ្កែព្រៃ ខ្លាឃ្មុំ ជាដើម៕
ដោយ៖ សូរិយា