ខេត្តស្វាយរៀង៖ គិតត្រឹមម៉ោង១១យប់ថ្ងៃទី២ខែមីនាឆ្នាំ២០២៣នេះ អគ្គិភ័យឆាបឆេះអគារកាស៊ីណូ ប៉ារីស បូព៌ា នៅក្រុងបាវិតគឺគ្រប់គ្រងបានស្ទេីរ១០០នេះបើយោងតាមអាខោនហ្វេសប៊ុកផ្ទាល់របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ក្រោយទទួលបានដំណឹងនៃអគ្គិភ័យដែលឆាបឆេះអគារកាស៉ីណូមួយកន្លែងនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជេីញចុះពិនិត្យដល់ទីតាំងផ្ទាល់ នឹងបានដឹកនាំបញ្ជាទៅកងកម្លាំងពាក់ព័ន្ធទាំងអស់ដេីម្បីអន្តរាគមន៍ពន្លត់ហេតុការណ៍ដែលបានកេីតឡេីងនេះ និងមានការចូលរួមពីលោកអភិបាលរងខេត្ត អាជ្ញាធរក្រុង កម្លាំងជំនាញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងភាគីវៀតណាមខេត្តជាប់ព្រំដែន។
ចំពោះ ការឆេះអគារកាស៊ីណូនេះកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២ខែមីនាឆ្នាំ២០២៣ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត មិនទាន់ដឹងពីមូលហេតុដែលបង្កឱ្យមានការឆាបឆេះនៅឡើយព្រមទាំងទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះទេ ៕
ដោយ៖ សុថាន