ខេត្តកំពង់ស្ពឺ ៖ លោក នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញបច្ចេកទេសយោធាកម្រិតបរិញ្ញាបត្រ ជំនាន់ទី៤-៥ មធ្យមជំនាន់ទី១០-១២ គីមីសាស្ត្រជំនាន់ទី៣ បឋមជំនាន់ទី១២ សេនាធិការជំនាន់១៣ បេីកបរជំនាន់ទី១៨ និងបេីកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសមធ្យមជំនាន់ទី១៤ បឋមជំនាន់ទី១៣ សេនាធិការជំនាន់ទី១៤ បេីកបរជំនាន់ទី១៩ បេីកបរយានយន្ដគ្រប់ប្រភេទជំនាន់ទី១ នៃវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន នាថ្ងៃទី២ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វត្តមានរបស់ លោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារ: បច្ចេកទេស បាន អញ្ជើញជាអធិបតីក្នុងពេលនេះជាការជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យកាន់តែខិតខំប្រឹងប្រែងសិក្សារៀននសូត្រ និងខំបំពេញភារកិច្ចដែលចាំបាច់ត្រូវ ពង្រឹងពង្រីកធនធានមនុស្សបច្ចេកទេស ក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីធានាដល់ការអនុវត្តការងារបច្ចេកទេស នៅតាមបណ្តាកងឯកភាពនានាបានត្រឹមត្រូវ និងភាពមិនអាចខ្វះបាននូវបច្ចេកវិទ្យាទំនើបៗសម្រាប់ទ្រទ្រង់ដល់ការកែទម្រង់កងយោធពលខេមរភូមិ និងយុទ្ធសាស្ត្រការពារជាតិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុការពារជាតិ ការពារសន្តិភាព ការពារបូរណភាពទឹកដី និងប្រជាជន ។
លោកបានរាយការណ៍ដោយសង្ខេបពីភារកិច្ច និងស្ថានភាពនៃដំណើរការការងារហ្វឹកហ្វឺន របស់វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន រំសន កន្លងមកដូចតទៅ ៖
ផ្អែកតាមតួនាទីនិងតម្រូវការចំពោះមុខរបស់កងយោធពលខេមរភូមិន្ទលើវិស័យបច្ចេកទេសកន្លងមកក៏ដូចជាពេលបច្ចុប្បន្ន វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន បានដំណើរការបើក និងបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសយោធាជាច្រើនវគ្គ និងបានបញ្ជូនអ្នកបច្ចេកទេសគ្រប់កម្រិតទៅបំពេញការងារបច្ចេកទេសតាមបណ្តាកងឯកភាព នានាក្នុងកងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ច្រើនមកហើយទោះស្ថិតក្នុងស្ថានភាព ដែលប្រទេសជាតិទទួលរងនៅវិបត្តិកូវីដ-១៩ក៏ដោយ ។
នាឱកាសនោះដែរលោកនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានមានប្រសាសន៏ថា លទ្ធផលដែលទទួលបានទាំងអស់នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំទីចាត់ការ និងសាលាហ្វឹកហ្វឺនជំនាញឯកទេសការពារគីមីសាស្រ្តអគ្គបញ្ជាការ ដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការការងារគ្រប់កម្រិតដែលបានកំណត់ ។
លោកបានបញ្ជាក់ទៀតថា៖ លទ្ធផលទាំងនេះ គឺជាការកិច្ចខិតខំប្រឹងប្រែងហាត់ពត់លត់ដំ ហ្វឹកហាត់បានស្ទាត់ជំនាញ ទាហានមានវិន័យខ្ពស់ មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងការដឹកនាំបញ្ជា អនុវត្តម៉តចត់ និងម៉ឺងម៉ាត់។ លោក ក៏បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូអនុវត្តឲ្យបានល្អ និងត្រូវបន្តព្យាយាមប្រឹងប្រែងហ្វឹកហ្វឺន នៅទីនេះ និងនៅតាមអង្គភាពឲ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគតអស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាពក្នុងការចូលរួមបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបានរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕
ដោយ៖ សុថាន