ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយមីងនិងក្មួយប្រុសកំពុងជិះម៉ូតូឌុបគ្នាស្រាប់តែសត្វគោរត់មកបុកដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់និងម្តាយមីងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូ១ គ្រឿងឌុបគ្នា ហើយសត្វគោជំទង់១ក្បាលរត់ឆ្លងផ្លូវមកបុកម៉ូតូធ្វើឱ្យខ្ទាតអ្នកបើកបរនិងអ្នករួមដំណើរទៅកណ្តាលថ្នល់ ស្របពេលនោះមានរថយន្តឡិចសុីស១គ្រឿង មកដល់ក៏បុកនិងកិនស្លាប់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២៥នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២ទៅលេខ១៣ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកឧដុង្គនិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥(HONDA DREAM C125) ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CC-9619 បើកបរដោយឈ្មោះ ហុីម គឹមស្រស់ ភេទប្រុស អាយុ ២៧ឆ្នាំ (បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ)រស់នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឌុបម្តាយមីងឈ្មោះ សេង ភុំ អាយុ៤១ឆ្នាំ(បានស្លាប់នៅនឹងកន្លែងកើតហេតុ) រស់នៅភូមិឃុំជាមួយគ្នា។ 

អ្នកទាំងពីរនាក់បានជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥១ក្នុងទិសដៅពីត្បូងទៅជើង។  លុះបើកបរមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានសត្វគោជំទង់១ក្បាល សម្បុរ.ស បានរត់ឆ្លងផ្លូវជាតិយ៉ាងលឿនមកបុកម៉ូតូជនរងគ្រោះ ដែលកំពុងបើកបរនោះតែម្តង បណ្តាលឱ្យម៉ូតូដួលខ្ទាតអ្នកបើកបរនិងអ្នករួមដំណើរ ចូលទៅក្រោមរថយន្តមួយគ្រឿងម៉ាកឡិចសុីស( LEXUS )ពណ៌កាំម៉ៃ មិនចាំផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលបង្កហេតុរួចតៃកុងរថយន្តបានបើកបរបន្ថែមល្បឿនបន្តដំណើរទៅមុខគេចខ្លួនបាត់ស្រមោល) ដែលកំពុងបើកបរក្នុងទិសដៅស្របទិសគ្នា បណ្តាលឱ្យស្លាប់មនុស្សចំនួនពីរនាក់។

នគរបាលចរាចរណ៍ស្រុកឧដុង្គបានបញ្ជាក់ថា ក្រោយកើតហេតុនគរបាលជំនាញបានចុះវាស់វែងននិងបានប្រគល់សពជនរងគ្រោះទាំងពីរនាក់ ជូនទៅសាច់ញាតិក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយធ្វើដំណើររងការខូចខាតម៉ូតូកំរិតស្រាលមួយគ្រឿង។ រថយន្តបង្កហេតុក្រោយពេលកើតហេតុ តៃកុងរថយន្តបានបើកបរបន្តដំណើរទៅមុខគេចខ្លួនបាត់ទៅ។

 ចំពោះវត្ថុតាងម៉ូតូ១គ្រឿងនគរបាលជំនាញបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖