ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា និងអង្គការ Oxfam រៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ស្តី​ពី​របបសន្តិសុខសង្គម​ (ប.ស.ស)​ ជូនដល់សមាជិកអ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖ ក្លិបអ្នកកាសែតកម្ពុជា ( ក.អក ) សហការជាមួយអង្គការ Oxfam នៅព្រឹក​ថ្ងៃ​ទី៣​ ខែមីនា​ ឆ្នាំ​២០២៣​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ស្តី​ពី​របបសន្តិសុខសង្គម​ (ប.ស.ស)​ ជូនដល់សមាជិកអ្នកសារព័ត៌មាន​ ក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានតាមរយៈបទបង្ហាញពីអ្នកជំនាញបេឡាសន្តិសុខជាតិសង្គម ( ប.ស.ស ) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដល់សាធារណៈជាពិសេសនិយោជិតក្នុង វិស័យកាត់ដេរនៅកម្ពុជា។

សិក្ខាសាលា​បណ្តុះបណ្តាលនេះ​ ធ្វេីឡេីងក្រោយគម្រោង«គាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការ របស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» សិក្ខាសាលា នេះបានចែករំលែកចំណេះដឹងនិងលទ្ធផលការអនុវត្តគម្រោង INSPIRE រួម ទាំងបង្កើនប្រសិទ្ធភាពនៃទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា។ គោលនយោបាយគាំពារសង្គម គឺ ជាយន្តការចម្បងមួយ ដើម្បីបង្កើតឲ្យមានសេដ្ឋកិច្ចដែលប្រកបដោយបរិយាបន្ន ដែលបង្កលក្ខណៈឲ្យកម្មករ និយោជិតវិស័យកាត់ដេរ និងក្រុមគ្រួសាររបស់ពួកគាត់មានលទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះ ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ច។

ក្លិបអ្នកកាសែតកម្ពុជា យល់ឃើញថាសិក្ខាសាលានេះ មានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានក្នុងការស្វែង យល់ដឹងអំពីគម្រោង . INSPIRE របស់ Oxfam រួមទាំងអត្ថប្រយោជន៏ និង ព័ត៌មានលម្អិតផ្សេងៗទៀត ទាក់ទង នឹងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)នៅកម្ពុជា។

គោលបំណងរបស់សិក្ខាសាលា គោលបំណងធំៗនៃសិក្ខាសាលានេះរួមមាន ៖

១). ពង្រឹងសមត្ថភាពជូនអ្នកសារព័ត៌មានតាមរយ:បទបង្ហាញពី អ្នកជំនាញបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពី របបសន្តិសុខសង្គម (ប.ស.ស) តាមប្រព័ន្ធ ផ្សព្វផ្សាយឲ្យកាន់តែទូលំ ទូលាយដល់សាធារណជន ជាពិសេស កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ 

២). ចែករំលែក និងពង្រឹងការយល់ដឹងបន្ថែមទៀត ដល់សមាជិកសាព័ត៌មានស្តីពីគោលនយោបាយ គាំពារសង្គម និងបញ្ហាប្រឈមរបស់កម្មករនិយោជិត (ភាគច្រើនជាស្ត្រី) ក្នុងការទទួលបាន និងការបើ ប្រាស់ ប័ណ្ណសមាជិក ប.ស.ស។ 

៣). ចែករំលែកនូវចំណេះដឹង និងលទ្ធផលអំពីការអនុវត្តគម្រោង INSPIRE ជូនដល់អ្នកចូលរួម ៤). បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា, និងបង្កើនកិច្ចសហការ ពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយជាមួយស្ថាប័នផ្សព្វផ្សាយព័ត៌មាន៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖