ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញ​មុខសញ្ញាលួចម៉ូតូម្នាក់នៅក្រុងបាត់ដំបង​ ជាសាធារណៈ​និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការ​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានបង្ហាញ​មុខសញ្ញាលួចម៉ូតូម្នាក់នៅក្រុងបាត់ដំបង​ ជាសាធារណៈ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមបញ្ជូនខ្លួនទៅកាន់​សាលាដំបូងខេត្ត​​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣។ 

របាយការណ៍ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី​០១​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មីៗ​នេះ​ នៅ​ចំណុច​ភូមិ​អូរតាគាំ​៣​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង។ 

ប្រភព​ដដែល​បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការនោះ​ដោយមានការសម្របសម្រួលលេី​នីតិវិធី​ពីលោក​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថានទម្ងន់ទោស​ (​ កាត់​ត​ខ្សែ​ភ្លេីង​លួច​យក​ម៉ូតូ​ )​០១​ករណី​និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ​ ណាត​ ស៊ី​ណាន់​ ហៅ​ ប៊ី​ ខ្លឹម​ ភេទប្រុស​ អាយុ​២០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អង់​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។ 

​-វត្ថុតាង​ដកហូត​រួម​មាន​ ៖​

-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក HONDA ZOOMER-X ពណ៌​ ស​ក្រហម​ ស៊េរីឆ្នាំ​ ២០១៧​ លេខ​តួ​ 5158​346  លេខ​ម៉ាស៊ីន​ 0158346 ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1Y-6864។

សូ​មជម្រាបជូនថា  មូលហេតុដែល​នាំទៅដល់ការឃាត់​ខ្លួននេះគឺនៅ​ថ្ងៃ​ទី​០១​ ខែ​មីនា​ ឆ្នាំ​២០២៣​ វេ​លាម៉ោង​ប្រមាណ​ ១៩និង០០​ នាទី​ នៅ​ចំណុច​ភូមិ​អូរតាគាំ​១​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់​ដំបង​ ជនសង្ស័យ​ខាងលេី​បាន​ធ្វេី​សកម្មភាព​ជិះ​ម៉ូតូ​ឌុប​ចេញ​ពី​ម្តុំស្ថានីយរថភ្លើង​ ក្នុង​គោល​បំណង​ទៅ​ផ្ទះ​របស់​ម្តាយ​នៅ​ភូមិ​អង់​ សង្កាត់​អូរចារ​ លុះ​ពេល​ទៅ​ដល់​ចំណុច​កេីតហេតុ​ខាងលេី​ ដោយ​ឃេីញ​ម៉ូតូ​ដូចភិនភាគខាងលើរបស់ជនរងគ្រោះ​ឈ្មោះ​ នាង​ លេក​ ភេទស្រី​ អាយុ​២៥​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រែកឆ្តោ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​  មុខ​របរ​លក់​ដូរ​ទុក​នៅ​ខាង​មុខ​ផ្ទះ​ មិន​មាន​ម្ចាស់​ ជនសង្ស័យ​ខាងលេី​ក៏បាន​ដេីរ​ចូល​ទៅ​ទាញផ្តាច់​​ខ្សែភ្លេីង​ ហេីយ​រុំ​ត​ភ្ជាប់​រួច​ជិះ​គេច​ខ្លួន​បាត់​ទៅ ។

នៅពេលកើតហេតុជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ត្រៀម​បញ្ជូន​ខ្លួនជនសង្ស័យទៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ ដេីម្បីចាត់ការ​តាមច្បាប់​ រីឯ​ម៉ូតូបានប្រគល់ជូននរងគ្រោះវិញ៕

ដោយ៖ អរុណ​រះ


ចែករំលែក៖