ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​នគរបាល​ខេត្តព្រះសីហនុ បន្តចុះផ្សព្វផ្សាយតាមបណ្តាក្លឹបកម្សាន្ត និងខារ៉ាអូខេក្នុងក្រុងព្រះសីហនុ អំពីផលប៉ះពាល់នៃការប្រើប្រាស់ ជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដេីម្បីទប់ស្កាត់រាល់បទល្មេីសប្រើប្រាស់ ជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស​ មន្រ្តីជំនាញ​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បានបន្តចុះផ្សព្វផ្សាយតាមបណ្តាក្លឹបកម្សាន្ត និងខារ៉ាអូខេ​ នៅក្នុងក្រុងព្រះសីហនុ។ 

ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ​ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ បានចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅតាមបណ្តាក្លឹបកំសាន្ត និងខារ៉ាអូខេ នៅក្នុងក្រុងព្រះសីហនុ។ 

ជាមួយគ្នានោះ​ នាពេលរាត្រី​កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ 

ដោយឡែកកម្លាំងនគរបាលទេសចរណ៍ប្រចាំការ​ ក៏បានចុះល្បាតនាពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖