ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ចោរឆក់២នាក់ មានកាំភ្លើងទៀត ធ្វើសកម្មភាពនៅជិតវត្តក្រាំងធ្នង់

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ម៉ោង១១ និង ០៥នាទី កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សាឆក់យកទូរស័ព្ទដៃនិង ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត  នៅចំណុចមុខក្លោងទ្វារវត្តក្រាំងធ្នង់ ផ្លូវ១៩៦២ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកបន្តថា, បង្កដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ ០១គ្រឿង ៖ ១-ឈ្មោះ សួង សៀម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ ផា សុវណ្ណារាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បាន ជិះម៉ូតូ ០១គ្រឿង សេ១២៥  ពាក់ផ្លាកលេខភ្នំពេញ1AE-8856 ប្រដាប់ដោយអាវុធជ័រ ០១ដើម ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ០១គ្រឿង ម៉ាកអាយហ្វូន១១ប្រូ ពីឈ្មោះ ហួន សារ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ១៦៩  ភូមិខ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង សេ១២៥  ពាក់ផ្លាកលេខ ភ្នំពេញ1AE-8856 , អាវុធជ័រ ០១ដើម របស់ជនសង្ស័យ , ទូរស័ព្ទដៃ ០១គ្រឿងម៉ាកអាហ្វូន១១ប្រូ ប្រគល់ឲ្យជនរងគ្រោះវិញ ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សហការី


ចែករំលែក៖