ខេត្តកណ្ដាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូពន្លះគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ រីឯម្នាក់ទៀតរងរបួសធ្ងន់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២០និង១០នាទី នៅចំណុច ផ្លូវ៣៤ ក្នុងភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច សុខធិក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល (បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ)បើកបរម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AN- ៤០៣៤ មានអ្នករួមដំណើរម្នាក់ឈ្មោះ បូរ សំនៀង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា(របួសធ្ងន់)។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ គ ៥៩៨២ កណ១ បើកបរដោយឈ្មោះ អង ទូច ភេទប្រុស អាយុ៣៨ ឆ្នាំ(ឃាត់ខ្លួន) រស់នៅភូមិបាង ឃុំដើមឬស ស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល(រងរបួសស្រាល)។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ជិះគ្នា២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៤ បើកបរក្នុងទឹសដៅពី(លិចមកកើត) ពេលមកដល់ចំណុចកើតហេតុខាងលើបានបុកនឹងម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ដែលឆ្លងផ្លូវក្នុងទឹសដៅពី( ជើងទៅត្បូង) បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូហុងដាឌ្រីម ស្លាប់ម្នាក់ រីឯម្នាក់ទៀតរងរបួសធ្ងន់។
ចំពោះវត្ថុតាងម៉ូតូទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន។
តាមការសន្និដ្ឋាន ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកសង់កូរ៉េមិនមានភ្លើងបំភ្លឺ ឆ្លងផ្លូវមិនមើលឆ្វេង ស្ដាំឱ្យបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន។
ចំណែកអ្នកបើកបរម៉ូតូសង់សេ១២៥ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕
ដោយ៖ ស្អាង ជ័យ