ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ម្សិលមុិញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកស្រី អ៊ូឃូល កូចាអេហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីលោកស្រី ទទួលបានការតែងតាំងកាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

នៅក្នុងជំនួបនេះ លោកស្រី ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរតួកគី-កម្ពុជា រួមមានជាអាទិ៍៖ វិស័យការទូត, ពាណិជ្ជកម្ម, កសិកម្ម, ទេសចរណ៍ និងអប់រំ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានបង្ហាញនូវឆន្ទៈ ក្នុងការបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក ក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែសកម្មបន្ថែមទៀត។ ដោយឡែក លោកស្រី ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភជាថវិកាដល់ប្រជាជនតួកគីក្នុងគ្រោះរញ្ជួយដីកាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ 

ជាការឆ្លើយតប លោក មេបញ្ជាការកងទ័ពជើងគោក បានចូលសោកស្តាយចំពោះហេតុការណ៍គ្រោះមហន្តរាយធម្មជាតិរញ្ជួយដី ដែលបានកើតឡើងនៅក្នុងប្រទេសតួកគី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងរយៈកាលកន្លងមក ហើយសម្រាប់ពេលបន្តទៅមុខ លោកឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីការគាំទ្រចំពោះទិសដៅរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕

ដោយ ៖ សហការី


ចែករំលែក៖