ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ ដែលបានបង្កការផ្ទុះអាវុធ ចំនួន១២គ្រាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បុរសជនជាតិចិនម្នាក់ ដែលបានបង្កការផ្ទុះអាវុធ ចំនួន១២គ្រាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា, នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាន់កាប់,ប្រើប្រាស់ និងទិញអាវុធ ដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចខុនដូR &F បន្ទប់លេខ១០៧ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:០០នាទីទៀបភ្លឺ។

ជនសង្ស័យឈ្មោះ GUAN JIANNAN ភេទ ប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ចិន មុខរបរ ពាណិជ្ជករ ស្នាក់នៅខុនដូ R & F បន្ទប់លេខ ១០៧ ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ អាវុធខ្លីម៉ាកអាវុធខ្លីម៉ាក Sig Sauer បង់ចំនួន០២, អាវុធខ្លីម៉ាក Blow Mini បង់ចំនួន០១, គ្រាប់ប្រភេទ ៩mm ចំនួន៧៨គ្រាប់ ,គ្រាប់ប្រភេទ ៣៨០ ចំនួន ៤៦ គ្រាប់, សំបកគ្រាប់ប្រភេទ៩mm ចំនួន១២គ្រាប់, សំបកគ្រាប់ប្រភេទ ៣៨០ ចំនួន០៥គ្រាប់, កុំព្យូទ័រម៉ាកBolunshuai និងក្តារចុច ចំនួន០១គ្រឿង, ទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ មីនី ពណ៌ ក្រហម ចំនួន០១គ្រឿង និងទូរសព្ទ័ដៃម៉ាកអាយហ្វូន១២ប្រូ ពណ៌ ទឹកប៊ិច ចំនួន០១គ្រឿង, លិខិតឆ្លងដែនលេខ ចំនួន ០១ក្បាល, សៀវភៅការងារជនបរទេស ចំនួន០២ក្បាល (ឈ្មោះ GUAN JIANNANនិង CONG XIN), បណ្ណបើកបរជនជាតិចិន ចំនួន០១, MACBOOK AIR ចំនួន០១គ្រឿង និងប្រាក់រៀលចំនួន១០០,០០០រៀល និងប្រាក់ដុល្លារចំនួន០៥ដុល្លារអាមេរិក។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យបានបញ្ជូនសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖