ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ទូទាំងប្រទេសសូមគាំទ្រទាំងស្រុងចំពោះសាលក្រមព្រហ្មទណ្ឌលេខ១៨២ “ម” ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់នូវសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៥៦៤២/I ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ មិថុនា ឆ្នាំ១៩៥៣ ដែលត្រូវចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា, ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។
ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕
ដោយ ៖ សិលា