ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងសេអ៊ូលមិនត្រូវការគ្រាប់បែកបរមាណូដើម្បីទប់ទល់ជាមួយកូរ៉េខាងជើងឡើយ

ចែករំលែក៖

សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ បានថ្លែងក្នុងបទសម្ភាសន៍មួយសារព័ត៌មានអាមេរិក CNN នៅទីក្រុងសេអ៊ូល ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយថា ប្រទេសរបស់លោកមិនចាំបាច់ត្រូវការអាវុធនុយក្លេអ៊ែរនោះឡើយដើម្បីទប់ទល់ការគំរាមកំហែងរបស់កូរ៉េខាងជើង បើទោះបីជាការស្ទង់មតិសាធារណជន បានបង្ហាញផ្ទុយពីនេះក៏ដោយ។
ការស្ទង់មតិចុងក្រោយបំផុតដែលចេញផ្សាយពេលថ្មីៗនេះបង្ហាញឱ្យឃើញថា ៧១ភាគរយនៃប្រជាជនកូរ៉េខាងត្បូងសរុបជាង ១,៣០០នាក់ ដែលចូលរួមផ្តល់មតិ បានបង្ហាញការគាំទ្រឱ្យប្រទេសរបស់ពួកគេអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។ ការយល់ឃើញយ៉ាងដូច្នេះ គឺស្របពេលដែលភាពតានតឹងបានកើនឡើងនៅលើឧបទ្វីបកូរ៉េ បូករួមជាមួយការថយចុះនៃទំនុកចិត្តនៅក្នុងកូរ៉េខាងត្បូង ចំពោះការផ្តល់ការការពារពីសំណាក់សហរដ្ឋអាមេរិក។
ទោះយ៉ាងណាក្តី លោក ហាន បានលើកឡើងថា កូរ៉េខាងត្បូងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់មហិច្ឆតារបស់កូរ៉េខាងជើង ហើយលោកសង្កត់ធ្ងន់ថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ មិនមែនជាជម្រើសត្រឹមត្រូវឡើយ។ លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បាននិយាយដូច្នេះថា «ពួកយើងបានកសាងសមត្ថភាពទប់ស្កាត់ការវាយប្រហារដល់កម្រិតប្រសើរមួយ ក្រោមកិច្ចសហការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលបានផ្តោតសំខាន់លើរឿងនេះ ចាប់តាំងពីប្រធានាធិបតីលោក Yoon Suk Yeol បានឡើងកាន់អំណាចកាលពីឆ្នាំមុនមក»។ លោក ហាន បានបន្តថា «យើងគួរធ្វើការជាមួយសហគមន៍អន្តរជាតិ ក្នុងការដាក់សម្ពាធឱ្យខ្លាំងជាប្រចាំ ដើម្បីជំរុញកូរ៉េខាងជើងឱ្យរំសាយអាវុធនុយក្លេអ៊ែរ។ យើងចង់ឱ្យកូរ៉េខាងជើងយល់ថា ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែរ នឹងមិនអាចធានានូវសន្តិភាពនិងវិបុលភាព នៅក្នុងប្រទេសពួកគេបាននោះឡើយ»។
ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង បានធ្លាក់ដុនដាបកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ខណៈដែលទីក្រុងព្យុងយ៉ាង បានបង្កើនការអភិវឌ្ឍសព្វាវុធរបស់ខ្លួន ដោយបានបាញ់សាកល្បងមីស៉ីលបាលិស្ទីគច្រើនមិនធ្លាប់មាន កាលពីឆ្នាំ២០២២។

ម៉្យាងវិញទៀត ជាច្រើនខែមកហើយ សហរដ្ឋអាមេរិកនិងក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានព្រមានផងដែរថា កូរ៉េខាងជើងហាក់កំពុងត្រៀមលក្ខណៈសម្រាប់ការធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួនឡើងវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក៕

ដោយ៖ ធីរីណា(រូប​ថត​៖ TTXVN)


ចែករំលែក៖