ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ គំនរស្តុកអេតចាយ និងគ្រឿងឈើ និងឡាំងចាស់ៗ បង្កឱ្យមានជាអណ្តាតភ្លើង លាយឡំនឹងផ្សែងខ្មួរខ្មាញ់ហុយឡើងលើអាកាសយ៉ាងសន្ធោរសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១៤ និង៤០នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនកើតហេតុ ក្រុមកម្មករនៅឃ្លាំងអេតចាយខាងលើ បានយកសំរាមចាស់ៗយកទៅដុតចោល នៅក្បែរឃ្លាំង ។ ដោយការដុតនោះដុតនៅលើខ្យល់ដែលកំពុងបោកបក់ខ្លាំងផងនោះ ធ្វើឲ្យខ្ទាតកម្ទេចភ្លើងប៉ើងទៅលើគំនរអេតចាយ ឡាំងចាស់ៗ និងគំនរស្បែកជើង ដែលនៅក្នុងបរិវេណឃ្លាំង បង្កឱ្យមានការឆេះរាលដាលខ្លាំងឡើងៗតែម្តងទៅ ។
ភ្លាមៗ បន្ទាប់ពីមានកើតហេតុការណ៍ឆេះនេះ កម្លាំងអាជ្ញាធរមូលដ្ឋាន រួមទាំងក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះទៅដល់ទីតាំងកើតហេតុខាងលើ និងបានធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ការឆាបឆេះ ។ ក្រោយការបាញ់ទឹកប្រមាណកន្លះម៉ោងរួចមក អណ្តាតភ្លើងបានរលត់១០០ភាគរយ ដោយបានបំផ្លាញគ្រឿងអេតចាយចាស់ៗ សម្បកឡាំងចាស់ៗ និងគ្រឿងឈើដាក់អីវ៉ាន់ សម្រាប់ទុកលក់ ត្រូវឆាបឆេះខូចខាតអស់មួយចំនួនធំ ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់០៥គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ មិនឲ្យមានការរាលដាលបន្តចូលទៅកាន់ឃ្លាំងធំរបស់ទីតាំងនោះទេ ពោលឆេះតែអីវ៉ាន់ដែលនៅខាងមុខឃ្លាំងប៉ុណ្ណោះ ។ ក្នុងនោះផងដែរ ក៏មិនមានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសដែរ ៕
ដោយ៖សុខាសែនជ័យ