ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា, មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន ដែល បានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុកក្លែងក្លាយ។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន ដែល បានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុកក្លែងក្លាយខាងលើ។ បន្ថែមលើសនេះ ដើម្បីឱ្យសាធារណជន ងាយស្រួលក្នុងការបែងចែករវាងទំព័រហ្វេសប៊ុកផ្លូវការ និងក្លែងក្លាយ រដ្ឋបាលរាជធានីភ្នំពេញ សូមគូស បញ្ជាក់បន្ថែមថា ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ មានអ្នកគាំទ្រចំនួន 465K likes (ប្រមាណ ៤៦ម៉ឺន) និង 479K followers (ប្រមាណ ៤៧ម៉ឺន) ព្រមទាំងមានប្រភេទទំព័រហ្វេសប៊ុក ជា Government organization ហើយជាបណ្តោះអាសន្ន រដ្ឋបាលរាជធានីភ្នំពេញ បានប្តូររូបCover ទៅជារូបរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំវិញ។ ដោយឡែក ចំពោះទំព័រហ្វេសប៊ុកក្លែងក្លាយ មានអ្នក គាំទ្រប៉ុន្មានរយនាក់តែប៉ុណ្ណោះ ព្រមទាំងមានប្រភេទទំព័រហ្វេសប៊ុកជា Satire/Parody។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យបញ្ឈប់ការចែកចាយបន្តនូវព័ត៌មានចេញពីទំព័រហ្វេសប៊ុក ក្លែងក្លាយខាងលើ។ ដោយឡែក ម្ចាស់ទំព័រហ្វេសប៊ុកក្លែងក្លាយ ត្រូវបញ្ឈប់សកម្មភាព និងលុបចោល នូវទំព័រហ្វេសប៊ុកក្លែងក្លាយនេះជាបន្ទាន់ ករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលរាជធានីភ្នំពេញនឹង ចាត់វិធានការស្រាវជ្រាវ ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖