ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបបុករះម៉ូតូហុងដាឌ្រីមពីរគ្រឿងបណ្ដាលឱ្យបុរសម្នាក់បាត់បង់ជីវិតនិងពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តស៊េរីទំនើបម៉ាកALPHARD មួយគ្រឿងពណ៌ខ្មៅ បានបុករះម៉ូតូពីរគ្រឿងធ្វើឱ្យមនុស្សម្នាក់ស្លាប់បាត់បង់និងពីរនាក់ទៀតរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបត់ចូលដុងអារញ្ញ ស្ថិតនៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

    មន្ត្រីចរាចរណ៍និយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីរថយន្តស៊េរីទំនើបម៉ាក ALPHARD ពាក់ស្លាកលេខភ្នំពេញ 2BG-8088ពណ៌ខ្មៅ បើកបរដោយបុរសជនជាតិខ្មែរ ដឹកជនជាតិចិន ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចផ្លូវបត់ចូលដុងអារញ្ញ ក៏បានបុកម៉ូតូហុងដាឌ្រីម២គ្រឿង និងជ្រុលចង្កូតទៅបុកតូបលក់កាហ្វេនិងផ្ទះប្រជាពលរដ្ឋប្រកបអាជីពប៉ះកង់ឡានមួយកន្លែងទៀតបណ្ដាលឱ្យស្លាប់ម្នាក់ ចំណែកពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ រីឯអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើក៏បានឃាត់ខ្លួនផងដែរ។ ទោះយ៉ាងណាភាគីស្លាប់និងអ្នករងរបួសបូករួមទាំងតៃកុងរថយន្តផងនោះមិនត្រូវសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឡើយ។

    ក្រោយកើតហេតុកម្លាំងជំនាញចរាចរណ៍បានចុះមកដល់ទីតាំងខាងលើកហើយបានពិនិត្យ នឹងធ្វើការវាស់វែង រួចក៏នាំខ្លួនជនបង្កគ្រោះថ្នាក់ខាងលើ រួមទាំងរថយន្តនិងម៉ូតូទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

ដោយ៖ វណ្ណា


ចែករំលែក៖