ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវិភាគចៅចាក់ស្មុក ៖ មានតែបរទេសប៉ុណ្ណោះដែលអាច បញ្ជា កឹម សុខា ឱ្យសម្តែងគ្រប់រឿងបាន, កុំមកចោទរដ្ឋាភិបាលនិងតុលាការថាប្រឌិតរឿង

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ រកឃើញពិរុទ្ធភាពនិងផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ក្នុងបទល្មើស «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកហូតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងដកហូតសិទ្ធិធ្វើនយោបាយ បាន បញ្ជាក់ថា កឹម សុខា អតីតប្រធានខ្មោចគណបក្សសង្គ្រោះជាតិ គឺជា «ជនក្បត់ជាតិ» ហើយអតីតគណបក្សសង្គ្រោះជាតិ គឺពិតជាអង្គការចាត់តាំងនយោបាយ និងជាកន្លែងប្រមូលផ្តុំកម្លាំងប្រតិបត្តិករបដិវត្តន៍ពណ៌ដូចអ្វីដែលត្រូវបានចោទប្រកាន់ និងបញ្ជាក់ដោយភស្តុតាង។

សាលក្រមដែលត្រូវបានទទួល ស្វាគមន៍និងអបអរសាទរយ៉ាងកងរំពងពីគ្រប់មជ្ឈដ្ឋាន ខណៈ រដ្ឋបរទេសនិងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលស្ថិតក្នុង ចង្កោមនៃក្រុមប្រតិបត្តិករបដិវត្តន៍ពណ៌បានចេញសេចក្តីថ្លែង ការណ៍សម្តែងការខកចិត្តនិងសម្តែងការព្រួយបារម្ភតាមទម្លាប់ របស់ខ្លួន និងបានចោទប្រកាន់ថាប្រឌិតភស្តុតាង បង្កើតរឿងដើម្បីកាត់ទោស កឹម សុខា។ ក្រុមជនបរទេសស៊ីឈ្នួលបំផ្លាញកម្ពុជាខ្លះឆ្លេឆ្លាពេញបណ្តាញសង្គមធ្វីទ័រដាក់សម្ពាធដល់ក្រសួងការបរទេស និងរដ្ឋាភិបាលខ្លួនឱ្យថ្កោលទោសនិងដាក់ទណ្ឌកម្មលើកម្ពុជានិងមន្ត្រីកម្ពុជា។

តាមពិត អ្នកដែលប្រឌិតរឿង និងអាចបង្គាប់បញ្ជា កឹម សុខា ឱ្យសម្តែងបានគឺមានតែជនបរទេសដែលជាចៅហ្វាយនាយរបស់ខ្លួនតែប៉ុណ្ណោះ។ បរទេសបានប្រើ កឹម សុខា ឱ្យ «ក្បត់កម្ពុជា និងក្បត់ជាតិខ្លួនឯង» និងបានប្រើ កឹម សុខា ឱ្យបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាតាមរយៈបដិវត្តន៍ពណ៌ និងព្យាយាមឡើងគ្រប់គ្រងអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យ។ នៅក្នុងឃ្លីបវីដេអូដែលជាភាស្តុតាងដាក់បន្ទុកលើ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃុតត្រូវរ៉ូវជាមួយបរទេស បានបង្ហាញយ៉ាងច្បាស់ថា កឹម សុខា ត្រូវបាន បរទេសយកទៅបង្ហាត់បង្រៀន បញ្ចូលមនោគមន៍វិជ្ជាសព្វបែបយ៉ាងមានគ្រូសច្រើនជាតិសាសន៍ ហើយមិនតែប៉ុណ្ណោះ អំឡុងពេលនៃការអនុវត្តផែនការបដិវត្តន៍ពណ៌ពីឆ្នាំ ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កឹម សុខា មានជនបរទេសជាច្រើនទៀតមកសរសេរគោលនយោបាយឱ្យ និងមានជនបរទេសមកចូលរួមអនុវត្ត និងផ្តល់យោបល់បននថែមទៀត។

ដូច្នេះ សូមកុំខិតខំកែឡៃការពិតឱ្យសោះ! មានតែបរទេសប៉ុណ្ណោះដែលអាចប្រើ កឹម សុខា សព្វបែបយ៉ាងបាន បង្កើតរឿង និងដឹកនាំរឿងឱ្យ កឹម សុខា សម្តែងរឿងសព្វបែបយ៉ាង រួមនឹងសម្តែងឱ្យដាក់ឃុំខ្លួនខ្លួនឯងគឺបានមួយកំភ្លេដើម្បីបំពេញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ដូច្នេះ សូមកុំមកបន្ត មួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា និងតុលាការកម្ពុជាថាប្រឌិតរឿង និងបង្កើតភស្តុតាងទម្លាក់កំហុសលើ កឹម សុខា គឺបរទេសខ្លួនឯងដែលមានកូនសិស្សមិនល្អ ពោរពេញដោយសេចក្តីអំនួត និងពុលទឹកមាត់ ហើយបានខ្ជាក់ចេញមកនូវផែនការក្បត់ជាតិដែលចៅហ្វាយបរទេសរបស់ខ្លួនបានបង្ហាត់ បង្រៀន និងរៀបចំផែនការឱ្យខ្លួនអនុវត្ត។ ដូច្នេះអ្នកដែលត្រូវ បន្ទោសគឺជនក្បត់ជាតិ កឹម សុខា ដែលជាមនុស្សរបស់បរទេសប៉ុណ្ណោះ ហើយកាលដែលបរទេសខ្លះត្រូវតក់ក្រហល់ក្នុងការចេញសេចក្តីថ្លែងការណ៍ផ្សេងៗគឺដើម្បីការពារមុខមាត់របស់ខ្លួន កុំឱ្យបាក់មុខ ហើយក៏ដើម្បីការពារផែនការបដិវត្តន៍ពណ៌របស់ខ្លួននៅកម្ពុជា ឬផែនការបដិវត្តន៍ពណ៌របស់ខ្លួននៅបណ្តាប្រទេសដទៃ ក៏ដូចជាការពារមនុស្សរបស់ខ្លួនកុំឱ្យបាក់ទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ប្រតិបត្តិករផ្សេងៗទៀតផងដែរ។ សម្រាប់ពលរដ្ឋកម្ពុជា ការកាត់ទោសនិងរកឃើញថា កឹម សុខា មានពិរុទ្ធភាពគឺពិតជាត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ ព្រោះជាទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ៕

ដោយ ៖ ចៅចាក់ស្មុក


ចែករំលែក៖