ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវិដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ« ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ »

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​រដ្ឋបាលខេត្តព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​​ រដ្ឋបាលខេត្ត​ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកួតជ្រើសរើសជ័យលាភីផលិតខ្សែវិដេអូខ្លីក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ« ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ »។ 

ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា​ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន និងសាធារណជនទូទៅឱ្យបានជ្រាបថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង ពីគុណតម្លៃដ៏វិសេសវិសាលនៃឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថា“តារារះនាទិសនិរតី “ ជាពិសេស ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ ក្នុងន័យលើកតម្កើងវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ឱ្យ កាន់តែល្អប្រសើរឡើងថែមទៀត រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំការប្រកួតជ្រើសរើសជ័យលាភីផលិត ខ្សែវីដេអូខ្លី ដែលមានខ្លឹមសារអប់រំ បញ្ជ្រាបការយល់ដឹងដល់មហាជនទូទៅអំពីការថែរក្សា ការពារ និងការធានា និរន្តរភាពអនាម័យបរិស្ថានឆ្នេរសមុទ្រ និងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកំសាន្តនៅ ព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនថែមទៀត ជាពិសេសនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ។

|-លក្ខខណ្ឌនការចូលរួមប្រកួតប្រជែង៖

-ជាមហាជនទូទៅ ជាពិសេសយុវជន សិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សា ឬបំពេញការងារនៅ ព្រះរាជាណាចក្រកម្ពុជា

-ក្រុមផលិតត្រូវមានសមាជិកចូលរួមក្នុងរង្វង់ ៥-៧នាក់ (ដោយមានភ្ជាប់បញ្ជីឈ្មោះមកជាមុន)

-ក្នុងមួយក្រុមអាចដាក់ខ្សែវីដេអូខ្លីតែមួយគត់សម្រាប់ចូលរួមប្រកួត ដែលមានរយៈពេលតិចបំផុតត្រឹម ៩០វិនាទី និងច្រើនបំផុត ១៨០វិនាទី

-ខ្សែវីដេអូនេះមិនតម្រូវឱ្យមានការបញ្ចូលបទភ្លេង ឬចម្រៀងផ្សេងៗ (ដែលអាចជាប់កម្មសិទ្ធិបញ្ញា)

-ខ្សែវីដេរអូត្រូវបានផលិតនៅទីតាំងឆ្នេរសមុទ្រណាមួយក្នុងខេត្តព្រះសីហនុ -ខ្សែវីដេអូនីមួយៗត្រូវផ្តោតលើខ្លឹមសារអប់រំ ការផ្តល់គុណតម្លៃចំពោះអនាម័យបរិស្ថានតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ។

-ខ្សែវីដេអូដែលមានគ្រប់លក្ខខណ្ឌចូលរួមប្រកួត និងត្រូវបានក្រុមការងារបង្ហោះចូលក្នុងគេហទំព័រ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទទួលបានការចូលចិត្ត (Like) ច្រើនពីមហាជនទូទៅក្នុងការដណ្តើមជ័យលាភី។ 

II-លក្ខខណ្ឌនៃការផ្តល់ពិន្ទុ៖

ដើម្បីធានាតម្លាភាព សុក្រឹតភាព និងអាចផ្ដល់យុត្តិធម៌ត្រឹមត្រូវដល់ក្រុមនីមួយៗ ការកំណត់ជ័យលាភី គឺអាស្រ័យលើចំនួននៃការចូលចិត្ត (Like) ច្រើនជាងគេ និងបន្តបន្ទាប់ពីមហាជននៅក្នុងគេហទំព័រ (Facebook Page) របស់រដ្ឋបាលខេត្តព្រះសីហនុតែមួយគត់ ដោយកំណត់លក្ខខណ្ឌដូចខាងក្រោម៖

-ការបង្ហោះជាផ្លូវការ នៃខ្សែវីដេអូនៅក្នុងគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ ត្រូវបានធ្វើឡើងព្រមៗគ្ន និងមានរយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទីល្ងាច ជាម៉ោងកំណត់បញ្ចប់ការប្រកួត និងធ្វើការស្រង់ចំនួនសរុបនៃការចូលចិត្ត (Like) ចំពោះខ្សែវីដេអូនីមួយៗ។

-ក្រុមនីមួយៗ អាចធ្វើការផ្សព្វផ្សាយឃោសនាអំពីខ្សែវីដេអូដែលខ្លួនបានផលិត តាមរយៈបណ្ដាញសង្គម ផ្ទាល់ខ្លួន ដើម្បីឱ្យមហាជន ឬអ្នកគាំទ្រ (Friends or Fans) បានដឺង និងចូលទៅគាំទ្រ (Like) ស្របពេលនៃការ បង្ហោះនៅក្នុងគេហទំព័រ (Facebook Page) របស់រដ្ឋបាលខេត្តព្រះសីហនុ។

III-ដំណាក់កាលនៃការជ្រើសរើសជ័យលាភី៖

ជ័យលាភីនៃការប្រកួតថតខ្សែវីដេអូខ្លីស្តីពីការលើកកម្ពស់អនាម័យបរិស្ថានក្រោមប្រធានបទ “ ឆ្នេរស្អាត

បរិស្ថានល្អ ទេសចររីករាយ» នឹងត្រូវជ្រើសរើសតាមដំណាក់កាលដូចខាងក្រោម៖ -ដំណាក់កាលទី១៖ ក្រុមការងារនីមួយៗត្រូវផ្ដល់ខ្សែវីដេអូមកគណៈកម្មការតាមរយៈប្រព័ន្ធតេលេក្រាម (Telegram) ដែលមានលេខទូរស័ព្ទ ០១៦ ៣២១០១០ ឬមកជួបដោយផ្ទាល់យ៉ាងយូរត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ១៤:០០នាទីរសៀល ដែលជាកាលបរិច្ឆេទចុងក្រោយ។

-ដំណាក់កាលទី២៖ គណៈកម្មការនឹងវាយតម្លៃស្នាដៃនីមួយៗដោយសម្រិតសម្រាំង និងជ្រើសរើស យកស្នាដៃដែលមានលក្ខខណ្ឌសមស្រប មានខ្លឹមសារ និងអត្ថន័យដូចបានកំណត់ ដើម្បីបង្ហោះចូលក្នុងគេហទំព័រ (Facebook Page) របស់រដ្ឋបាលខេត្តព្រះសីហនុ។ រយៈពេលនៃការបង្ហោះចំនួន ២១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

-ដំណាក់កាលទី៣៖ គណៈកម្មការពិនិត្យស្រង់យកចំនួនសរុបនៃការចូលចិត្ត(Like) ចំពោះខ្សែវីដេអូ នីមួយៗ ដើម្បីកំណត់ប្រកាសលទ្ធផលជាជ័យលាភី។

IV-ការផ្តល់រង្វាន់លើកទឹកចិត្ត៖

រង្វាន់នៃការប្រកួតថតខ្សែវីដេអូ ស្តីពីការលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ “ ឆ្នេរស្អាត

បរិស្ថានល្អ ទេសចររីករាយ» នឹងត្រូវផ្ដល់ជូនជ័យលាភីតាមចំណាត់ថ្នាក់ដូចខាងក្រោម៖ -ជ័យលាភីចំណាត់ថ្នាក់លេខ១៖ មាន ១រង្វាន់ ទទួលបានថវិកា ៥.០០០,០០០រៀល វិញ្ញាបនបត្រទទួល

ស្គាល់ស្នាដៃ ១ច្បាប់ និងកញ្ចប់ដំណើរកំសាន្តសម្រាប់ក្រុមការងារទៅក្រុងកោះរ៉ុងចំនួន ១យប់ ២ថ្ងៃ -ជ័យលាភីចំណាត់ថ្នាក់លេខ២៖ មាន ១រង្វាន់ ទទួលបានថវិកា ៣.០០០.០០០រៀល វិញ្ញាបនបត្រទទួល

ស្គាល់ស្នាដៃ ១ច្បាប់ និងកញ្ចប់ដំណើរកំសាន្តសម្រាប់ក្រុមការងារទៅក្រុងកោះរ៉ុងចំនួន ១យប់ ២ថ្ងៃ -ជ័យលាភីចំណាត់ថ្នាក់លេខ៣៖ មាន ១រង្វាន់ ទទួលបានថវិកា ២,០០០០០០រៀល វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃ ១ច្បាប់ និងកញ្ចប់ដំណើរកំសាន្តសម្រាប់ក្រុមការងារទៅក្រុងកោះរ៉ុងចំនួន ១យប់ ២ថ្ងៃ

-ជ័យលាភីចំណាត់ថ្នាក់លេខ៤៖ មាន ១រង្វាន់ ទទួលបានថវិកា ១,៥០០,០០០រៀល វិញ្ញាបនបត្រទទួល ស្គាល់ស្នាដៃ ១ច្បាប់ និងកញ្ចប់ដំណើរកំសាន្តសម្រាប់ក្រុមការងារទៅក្រុងកោះរ៉ុងចំនួន ១យប់ ២ថ្ងៃ -ជ័យលាភីចំណាត់ថ្នាក់លេខ៥៖ មាន ១រង្វាន់ ទទួលបានថវិកា ១.០០០.០០០រៀល វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃ ១ច្បាប់ និងកញ្ចប់ដំណើរកំសាន្តសម្រាប់ក្រុមការងារទៅក្រុងកោះរ៉ុងចំនួន ១យប់ ២ថ្ងៃ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជន និងសាធារណជនទាំងអស់មេត្តាជ្រាប និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងផ្តល់ឱកាស លើកទឹកចិត្តដល់យុវជនបានចូលរួមប្រកួតឱ្យបានច្រើនកុះករ៕

ដោយ​៖សហការី​


ចែករំលែក៖