អ្នកចាត់ការទូទៅលោក Erik ten Hag បាននិយាយថា ក្រុម Manchester United នឹងឈានទៅប្រកួតក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃអាទិត្យនេះជាមួយនឹងគូប្រជែង Liverpool ដោយមានទំនុកចិត្ត ហើយត្រៀមខ្លួនជាស្រេចដើម្បីដណ្តើមបាន៣ពិន្ទុ។ នេះបើតាមអ្នកចាត់ការរូបនេះនិយាយកាលពីថ្ងៃសៅរ៍ ខណៈដែលពួកគេស្វែងរកការឈ្នះលើកដំបូងនៅកីឡដ្ឋាន Anfield ចាប់តាំងពីឆ្នាំ២០១៦ ។
Man United បានឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៧កាលពីសប្តាហ៍មុនដោយបានផ្តួលក្រុម Newcastle United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup។ ពួកគេក៏បានឈានដល់វគ្គ៨ក្រុមចុងក្រោយ FA Cup និង Europa League វគ្គ១៦ក្រុមចុងក្រោយ។
ក្នុងក្របខ័ណ្ឌ Premier League បិសាចក្រហមកំពុងឈរនៅលេខរៀងទី៣មាន៤៩ពិន្ទុបន្ទាប់ពី២៤ប្រកួតចាញ់តែមួយប្រកួតក្នុងចំណោម១១ប្រកួតចុងក្រោយរបស់ពួកគេ។ ចំណែកក្រុមលេខ៦ Liverpool មាន១០ពិន្ទុតាមពីក្រោយពួកគេក្នុងតារាង។
លោក Ten Hag បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំកំពុងទន្ទឹងរង់ចាំ ខ្ញុំដឹងពីបរិយាកាស បរិយាកាសនឹងអស្ចារ្យ វានឹងជាអរិភាពប្រឆាំងនឹងយើង ហើយយើងចូលចិត្តវា។ ពិតណាស់ វាគឺជាការសាកល្បងមួយ ប៉ុន្តែយើងកំពុងប្រឈមមុខនឹង Liverpool ហើយយើងពិតជាទន្ទឹងរង់ចាំ។ ខ្ញុំដឹងថាកីឡាករទាំងនេះក្រុមរបស់ខ្ញុំ ក្រុមរបស់ខ្ញុំនឹងត្រៀមខ្លួនដើម្បីទៅប្រយុទ្ធ ដើម្បីទៅដោយភាពជឿជាក់ យើងដឹងថាវានឹងពិបាក។ យើងដឹងថាយើងត្រូវរងទុក្ខ យើងត្រូវលះបង់ដើម្បីទទួលបានលទ្ធផលល្អ”។
Liverpool និង Manchester City បានគ្រប់គ្រងលើក្របខ័ណ្ឌ Premier League ក្នុងរយៈពេលប៉ុន្មានរដូវកាលកន្លងមកនេះ ប៉ុន្តែក្រុម Arsenal និងក្រុមចំណាត់ថ្នាក់លេខ៣ United កំពុងតែគម្រាមកំហែងក្នុងការបំបែកការត្រួតត្រានោះ។
ទោះយ៉ាងណាក៏ដោយ នៅពេលសួរថា តើការកាន់កាប់លីគរបស់ Liverpool និង Man City ស្ថិតក្រោមការគំរាមកំហែងដែរឬទេ? លោក Ten Hag បាននិយាយថា “ទេ យើងនៅតែស្ថិតក្នុងរដូវកាលនេះនៅឡើយ”។ បុរសសញ្ជាតិហូឡង់រូបនេះបានបន្ថែមថា “វាតែងតែជាគំរូមួយ មិនដែលធ្វើវាឱ្យជាប់លាប់ក្នុងរបៀបនេះ(ពិន្ទុឡើងលើ)។ យើងមិននិយាយអំពីក្លឹបផ្សេងទៀតទេ យើងកំពុងនិយាយអំពីខ្លួនឯង ហើយខ្ញុំគិតថាយើងស្ថិតក្នុងទិសដៅដ៏ល្អ ជាមួយនឹងទស្សនវិជ្ជា យុទ្ធសាស្ត្រ និងវប្បធម៌របស់យើង យើងត្រូវបន្តធ្វើឱ្យមានការរីកចម្រើន”។
ក្រុមបិសាចក្រហម Man United ឈានទៅប្រកួតនៅក្រោយការត្រឡប់មកវិញនៅពាក់កណ្តាលសប្តាហ៍លើក្រុម West Ham United ក្នុងការប្រកួត FA Cup ជុំទី៥ដែលពួកគេបានស៊ុតបញ្ចូលទីទាំង៣គ្រាប់របស់ពួកគេនៅក្នុងតង់ទី២។ លោក Ten Hag បានបញ្ជាក់ថា ក្រុមនឹងមាន Luke Shaw បន្ទាប់ពីខ្សែការពាររូបនេះខកខានការប្រកួតជាមួយ West Ham ខណៈដែល Jadon Sancho ត្រូវបានគេរំពឹងថានឹងជាសះស្បើយពីជំងឺទាន់ពេលវេលាសម្រាប់ការប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA )