ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដោយសារតែតូចចិត្ដរឿងជំងឺខូចក្រលៀន គ្មានលទ្ធភាពដើម្បីព្យាបាលជំងឺរបស់ខ្លួនបន្តទៀត ក៏បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងជាមួយកូនប្រុសអាយុ៤ឆ្នាំដែលគួរឱ្យស្រឡាញ់ និងទៅចោលប្រពន្ធ ព្រមទាំងបន្សល់ទុកសំបុត្រមួយសន្លឹកផ្ដាំផ្ញើឱ្យជួយមេីលម្ដាយផង។
សូមជម្រាបជូនថា ករណីធ្វើអត្តឃាតខាងលេីនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៣ម្សិលមិញនេះ ស្ថិតភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសម្នាក់ដែលធ្វើអត្តឃាតដោយខ្លួនឯងរួមជាមួយកូនប្រុសម្នាក់នោះឈ្មោះ ហុង ចំរើន អាយុ៣៥ឆ្នាំ ខណៈកូនប្រុសអាយុ៤ឆ្នាំ ឈ្មោះ ចំរើន បញ្ញា។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចំពោះការបញ្ចប់ជីវិតខ្លួនឯងជាមួយកូនប្រុសនេះ បុរសខាងលើក៏បានបន្សល់ទុកសំបុត្រសរសេរដៃមួយសន្លឹកផងដែរ ដោយបញ្ជាក់អំពីមូលហេតុដែលគាត់សម្រេចចិត្តគិតខ្លី និងសុំទោសប្រពន្ធ ព្រមទាំងក្រុមគ្រួសារ។
ដោយឡែកនៅក្នុងសំបុត្រដែលបន្សល់ទុកនោះ បានបញ្ជាក់ថា ការបញ្ចប់ជីវិតនេះដោយសារតែខ្លួនគ្មានលទ្ធភាពព្យាបាលជំងឺខូចក្រលៀនដែលគ្រូពេទ្យតម្រូវឱ្យលាងឈាមក្នុងមួយសប្ដាហ៍ ២-៣ដង៕
ដោយ៖សហការី