ប្រទេសវៀតណាម ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា,នារសៀលថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្ដែងការគួរសមជាមួយ លោក Vo Van Thuong ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបសម្តែងការគួរសមនោះ លោក Vo Van Thuong ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចក្រឡាហោម និងគណៈប្រតិភូ។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអនុញ្ញាតជូនសម្ដេច និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសននោះ
លោក Vo Van Thuong ប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរក្នុងឆ្នាំ២០២២ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានរដ្ឋ ក៏បានបង្ហាញការសង្ឃឹមជឿជាក់ថា ក្រសួងទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទទួលបានលទ្ធផលប្រសើរថែមទៀត៕
ដោយ៖ សហការី