ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត២ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទទី០៦ ខែមីនា ឆ្នាំ២០២៣នេះ​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា រាជធានីភ្នំពេញ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា គិតត្រឹមថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

សម្តេចតេចជោ ហ៊ុន សែន ថ្លែង​ថា ក្នុងស្ថានភាពកូវីដ-១៩ ការសិក្សាអប់រំ បណ្តុះបណ្តាល ត្រូវបានធ្វើឡើងតាមរបត់ថ្មី ជាពិសេសតាមអនឡាញ។ទោះជាបែបនេះក្តី ដំណើរការបណ្តុះបណ្តាលនៅតែបន្ត រហូតដល់កម្ពុជាអាចមានលទ្ធភាពបើកប្រទេសឡើង និងដំណើរការប្រក្រតីភាព នៃការអប់រំបណ្តុះបណ្តាល។

សម្តេចតេជោ ថ្លែង​ថា កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលពេលនោះយើងហៅថា «ចាក់ស្រោចវ៉ាក់សាំង» ដែលពេលនេះសម្តេចសូមហៅថា «មុជវ៉ាក់សាំង»តែម្តង ដែលធ្វើឱ្យកម្ពុជា មានលទ្ធផលបើកប្រទេសឡើងវិញ ដំណើរការសង្គម និងសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ថ្លែង​កោតសរសើរដល់វិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលបានប្រឹងប្រែង ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សវិជ្ជាជីវៈ និងនិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិត បរិញ្ញាបត្រជាន់ខ្ពស់ ទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។

សម្តេចតេជោ ថ្លែងថា​ មិនអត់ឱនឱ្យនរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា កម្ពុជាត្រូវតែរក្សាសុខសន្តិភាពនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

សម្តេច​នាយករដ្ឋមន្ត្រីកម្ពុជា​ ថ្លែង​បញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ភាពអត់ឃ្លាន ក្លាយជាប្រទេសដែលមានផលិតកម្មកសិកម្មខ្ពស់ ដូចជា៖ ស្រូវ ពោត ដំបូង… ដែលកម្ពុជាកំពុងមានតម្រូវការនាំចេញទៅកាន់ទីផ្សារបរទេស ក្រៅពីផ្គត់ផ្គង់តម្រូវនៅក្នុងស្រុក។

សម្តេចតេជោ បានប្រកាសដល់បរទេសខ្លះ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ សូមកុំបង្កើតកំហុស និងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា។ សម្តេចតេជោ​ សង្កត់​ធ្ងន់​ថា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យ សេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា»។

សម្ដេចតេជោ ហ៊ុន​ សែន​ ថ្លែង​ថា ពេលខ្មែរស្លាប់ ពួកអ្នកក្រៅប្រទេសទាំងនោះ មិនបានមកស្លាប់ជាមួយខ្មែរទេ ប៉ុន្ដែនៅពេលខ្មែរមានសន្ដិភាព ពួកគេបែរជាមកខ្វល់ខ្វាយជាមួយកម្ពុជាទៅវិញ។

សម្តេចតេជោ បានផ្តាំផ្ញើដល់បរទេសទាំងឡាយថា « សូមកុំបង្កសង្គ្រាមកម្ពុជាបន្តទៀត…[] សូមកុំតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែបែរជាគាំទ្រសង្គ្រាមទៅវិញ»។

សម្ដេចតេជោ ថ្លែង​ថា ក្រុមបរទេសមួយចំនួននោះ សូម្បីតែរឿងកំពង់ផែសមុទ្ររាម បែរជាក្លាយទៅជាកង្វល់របស់ពួកគេ ដោយពួកគេបានបង្ហាញនៅភាពអសន្ដិសុខរបស់ខ្លួន ប៉ុន្ដែពួកគេមិនដែលខ្វល់ពីកម្ពុជានៅអំឡុងពេលរងគ្រោះដោយសារសង្គ្រាមឡើយ។

សម្តេចតេជោ ថ្លែង​ថា រាជរដ្ឋាភិបាលកម្ពជា កើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបំពេញគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងនោះមាននយោបាយគាំពារសង្គម និងប្រជាពលរដ្ឋ ដែលគោលបយោបាយទាំងនោះត្រូវបានអនុវត្តន៍ និងទទួលផលរួចមកហើយ។

សម្តេចតេជោ ថ្លែង​ថា ពេលនេះគឺជាពេលតថ្លៃ នៃនយោបាយ ដោយគណបក្សខ្លះសន្យាហួសហេតុ ទោះពួកគេដឹងថា មិនអាចធ្វើបានតាមសន្យាក៏ដោយ។ ការសន្យានោះមានដូចជា៖ បញ្ចុះតម្លៃសាំងឱ្យទាប ខណៈដែលកម្ពុជាមិនមែនជាប្រទេសផលិតប្រេង, សន្យាទិញទិញឡាន ម៉ូតូ ធ្វើផ្ទះថ្មឱ្យប្រជាពលរដ្ឋ ខណៈដែលខ្លួនគ្មានទាំងកង់ជិះ និងនៅផ្ទះស្លឹក ឬស្បូវ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាស់តឿនដល់ជនមួយចំនួន ដែលមានចេតនាចង់បង្កសង្គ្រាមនៅកម្ពុជា។ សម្តេចប្រកាសមិនអត់ឱនឱ្យនរណាក៏ដោយ មិនថា ខ្មែរ ឬបរទេសឡើយ ដែលចង់បង្កសង្គ្រាម និងបំផ្លាញសុខសន្តិភាពនៅកម្ពុជា។ សម្តេចបញ្ជាក់ថា «កម្ពុជាមានសង្គ្រាមឆ្អែតឆ្អន់ហើយ…»។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់បរទេសដែលគាំទ្រឱ្យមានរដ្ឋប្រហារទម្លាក់សម្តេចឪ និងគាំទ្រខ្មែរក្រហមវាលពិឃាត សូមកុំបង្កើតកំហុសជាថ្មីដល់ប្រទេសកម្ពុជា។

សម្ដេចតេជោ ថ្លែង​ថា កម្ពុជា បានឆ្លងកាត់វាល៣ ដែលជាទុក្ខលំបាក ក្នុងនោះមាន វាលទី១ គឺវាលសង្គ្រាម វាលទី២ គឺវាលអត់ឃ្លាន ដូចជាជំនាន់ ប៉ុល ពត ពលរដ្ឋស្លាប់ព្រោះអត់ឃ្លាន ប៉ុន្ដែកម្ពុជាបានឆ្លងផុតរួចហើយ។ ប៉ុន្ដែវាលទី៣ គឺជំងឺឆ្លង ដែលកម្ពុជាកំពុងហែលឆ្លង ពីព្រោះបញ្ហាជំងឺនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីជំងឺផ្ដាសាយបង្សី ជំងឺសាជ្រូក និងជំងឺកូវីដ-១៩ ជាដើម ដែលវាបានបំប្លែងខ្លួនជាបន្តបន្ទាប់។

សម្តេចតេជោ បានដាស់តឿនដល់អ្នកដទៃ សូមកុំធ្វើសកម្មភាពណាមួយដែលធ្វើឱ្យកម្ពុជាកើតឡើងនូវសង្គ្រាមឡើងវិញឱ្យសោះ។ សម្ដេចតេជោ​ ថ្លែង​បន្ថែម​ថា កម្ពុជាមិនអត់ឱនដល់សកម្មភាពណាមួយ ទោះបីតម្លៃណាក៏ដោយ ដែលបានសកម្មភាពបំផ្លាញកម្ពុជានោះទេ។

សម្តេចតេជោ ថ្លែង​បញ្ជាក់ឡើងវិញទៀតថា ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មនៅក្នុងស្រុក កម្ពុជាកំពុងផ្ដល់នូវការរៀបចំការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់ននិស្សិតក្រីក្រចំនួន ១,៥ លាននាក់។

សម្តេចតេជោ ប្រកាសផ្តាំផ្ញើដល់មន្ត្រី ដែលបានផ្ញើសារជូនសម្តេច សូមសរសេរឱ្យខ្លី និងចំៗចំណុច ព្រោះសម្តេចគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អាន និងមើលសារដ៏វែងអន្លាយទាំងនោះទេ។​ សម្តេចតេជោ បានផ្តាំផ្ញើដល់មន្ត្រីទាំងអស់ បើមិនចាំបាច់ទេ សូមកុំផ្ញើសារជូនសម្តេចនាពេលព្រឹក ជាពិសេសសារអាក្រក់ៗ។

សម្តេចតេជោ ថ្លែង​ថា ពេលនេះ សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាមេរិក និងនៅអឺរ៉ុប ជាពិសេសគឺនៅអឺរ៉ុបនេះតែម្ដង។ សម្ដេចថ្លែងបន្តថា ថ្វីត្បិតពេលនេះ មិនបង្កនូវបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែស្ថានភាពនេះបានធ្វើឱ្យ ប៉ះពាល់ដល់អតិផរណានៅគ្រប់ប្រទេសទាំងអស់។

សម្តេចតេជោ អំពាវនាវដល់បងប្អនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ទោះធ្លាប់ជេរប្រមាថ រិះគន់ គណបក្សប្រជាជនកម្ពុជា, រាជរដ្ឋាភិបាល និងសម្តេចក៏ដោយ សូមអញ្ជើញមកលេងស្រុកកំណើតរបស់ខ្លួន ដោយមិនមានការចាប់ចង ឬធ្វើទុក្ខម្នេញ ដូចការបំផុសព័ត៌មានបំពុលរបស់ក្រុមអគតិមួយចំនួនឡើយ។

សម្តេចតេជោ ប្រកាសដល់សាខាបក្សនៅអាមេរិកឱ្យទទួលយកលោក ធី ចចា ជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់លោក ធី ចចា បានសូមទោស និងដឹងកំហុសរបស់ខ្លួន ដែលធ្លាប់ធ្វើកន្លងមកលើសម្តេច និងគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ជាថ្មីម្តងទៀត​ ដល់ប្រជាពលរដ្ឋខ្មែររបស់នៅឯនាយសមុទ្រ សូមធ្វើដំណើរមកលេងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ដោយសម្តេចចាត់ទុកជាឆ្នាំទស្សនាកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាលារាជធានីភ្នំពេញ សូមបន្តផ្តល់រថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយឥតគិតថ្លៃទៅតាមបណ្តាខេត្ត-ក្រុង និងគោលដោនានា ដោយត្រូវបន្ថែមខ្សែរត់ជាង២០០គ្រឿងទៀត លើចំនួនដែលមានស្រាប់។ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលនូវរបាយការណ៍ពីសហជីពមួយ ដែលបានសំណូមពរពាក់ព័ន្ធរោងចក្រព្យួរការងារ ដោយសម្ដេច បានបញ្ជូនបញ្ហានេះទៅរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយ និងអន្តរាគមន៍បន្ទាន់រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ពេលកូវីដ-១៩ផ្ទុះឡើង មានកម្មកររាប់លានដាក់អត់ការងារធ្វើ នៅទូទាំងពិភពលោក។ សម្តេចតេជោ ថ្លែង​ថា៖ «កម្មករមួយចំនួននៅកម្ពុជាអត់ការងារធ្វើរាប់ឆ្នាំ តែមានលទ្ធភាពធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងរោងចក្រ»។ សម្តេចតេជោ​ ថ្លែង​បញ្ជាក់​ថា «លុយធ្វើបាតុកម្មនោះបានមកពីណា? ចែកដល់បាតុករកន្លែងណា?ក៏សម្តេចដឹងដែរ…[]កម្ពុជាមិនល្ងង់ទេ»។

សម្តេចតេជោ​ ថ្លែង​ថា កន្លងមានការសម្របសម្រួលចង់ទិញការប្រមូលពន្ធគយនៅកម្ពុជា តែសម្តេចបានបដិសេធចោលភ្លាមៗតែម្តង និងសម្តែងការហួសចិត្តយ៉ាងខ្លាំង។សម្តេចបញ្ជាក់ថា «គយជាសេវាអធិបតេយ្យរបស់ជាតិ មិនអាចឱ្យក្រុមហ៊ុន ឬបរទេសណា មកប្រមូលជំនួសកម្ពុជាបានឡើយ»។

សម្តេចតេជោ ប្រកាសគាំពារដល់កម្មករ ដែលត្រូវរោងចក្រព្យួរ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ រហូតដល់ពួកគេ មានលទ្ធភាពកសាងលទ្ធកម្មជីវភាពល្អប្រសើរឡើងវិញ។ 

សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមគិតគូរ ប្រុងប្រយ័ត្នខ្ពស់បញ្ហាសុខភាព ខណៈដែលពិភពលោកកំពុងមានការប្រែប្រួលអាកាសធាតុ ដែលនាំដោយមានជំងឺច្រើន៕

ដោយ​៖ស​ តារា​


ចែករំលែក៖