ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពីរកន្លែងផ្សេងគ្នាក្នុងយប់ថ្ងៃតែមួយនៅស្រុកស្វាយទាបនិងក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទីមួយបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវលំស្ថិតនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូម៉ាកអុិចសង់ទ័រ ពណ៌ខ្មៅ អត់ស្លាកលេខបើកបរដោយឈ្មោះពិន ស៊ីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរ រស់នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងបានបើកទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១K-៨៦១០ ដែលបើកបរដោយឈ្មោះ ចាន់ ប៊ុន្ថា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិ ស្វាយគយ ឃុំពពែត ស្រុកស្វាយទាបបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង។ រីឯមធ្យោបាយទាំងពីរយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលពពែត ដើម្បីចាត់ការបន្តតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ គឺដោយសារតែអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមមិនប្រកាន់ស្ដាំ ។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ត្រង់ ចន្លោះគឺឡូម៉ែតលេខ១៥៦-១៥៧ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្ត ១គ្រឿងមិនស្គាល់ម៉ាក ពណ៌ស ពាក់ស្លាកលេខមិនស្គាល់ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណធ្វើដំណើរពីលិចទៅកើតបានបុកប៉ះក្មេងប្រុសឈ្មោះ ស៊ីន សុផាណាវ៉ាត់ ភេទប្រុស អាយុ១ឆ្នាំ១០ខែ ជនជាតិខ្មែរ រស់នៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ដែលរត់ឆ្លងកាត់ថ្នល់ពីជើងទៅត្បូងយ៉ាងពេញទំហឹងលាន់សូរប្រាវបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបានបើករត់គេចបាត់ពីកន្លែងកើតហេតុភ្លាមៗតែម្ដង។
ក្មេងប្រុសដែលស្លាប់ សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក
អ្នកបើករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សុថាន