ព័ត៌មានទាន់ហេតុការណ៍៖

សោកនាដកម្មផ្លូវដែកនៅក្រិក ៖ ជនរងគ្រោះ៥២នាក់ក្នុងចំណោម៥៧នាក់ត្រូវបានកំណត់អត្តសញ្ញាណ

ចែករំលែក៖

ប៉ូលិសក្រិកបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្ស៥២នាក់ក្នុងចំណោមមនុស្សយ៉ាងតិច៥៧នាក់ដែលបានស្លាប់នៅក្នុងគ្រោះមហន្តរាយផ្លូវដែកដ៏គួរឱ្យភ័យខ្លាច ដែលបានកើតឡើងនៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ូលិសក្រិកបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្សចំនួន៥២នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុង Katerini ដែលបានសម្លាប់មនុស្សយ៉ាងតិច៥៧នាក់ ។ ក្រោយពេលកើតហេតុ ភាពក្តៅក្រហាយក្នុងចំណោមគ្រួសារជនរងគ្រោះបានបន្តកើនឡើង ។ នៅថ្ងៃទី ៥ ខែមីនា មនុស្សប្រហែល 2.000 នាក់បានតវ៉ានៅក្នុងរដ្ឋធានី Athens ខណៈដែលអ្នកផ្សេងទៀតបានលើកបដាតវ៉ានៅក្នុងទីក្រុង Larissa នៅជិតកន្លែងគ្រោះថ្នាក់។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា មេធាវីបាននិយាយថា ប្រធានស្ថានីយរថភ្លើងក្នុងទីក្រុងឡារីសសា (Larissa) របស់ប្រទេសក្រិក ត្រូវបានឃុំខ្លួនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដើម្បីរង់ចាំការកាត់ក្តីលើការចោទប្រកាន់ពាក់ព័ន្ធ នឹងគ្រោះថ្នាក់រថភ្លើងបុកគ្នារួចក្រឡាប់ធ្លាក់ចេញពីផ្លូវ ដែលបានបង្កឱ្យមានមនុស្សស្លាប់ច្រើនបំផុតក្នុងកំណត់ត្រារបស់ប្រទេស។
ប្រធានស្ថានីយរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ប៉ុន្មានម៉ោងបន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរជាង៣៥០នាក់បានបុកគ្នាជាមួយរថភ្លើងដឹកទំនិញមួយគ្រឿងទៀត នៅក្បែរទីក្រុងឡារីសសា ដែលស្ថិតនៅភាគកណ្តាលប្រទេសក្រិក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៥៧នាក់ និងរងរបួសជាច្រើននាក់ទៀត។ ការចោទប្រកាន់ពីបទឧក្រិដ្ឋ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍លើបុរសអាយុ ៥៩ឆ្នាំ ដែលមិនអាចបញ្ចេញឈ្មោះបាននៅក្រោមច្បាប់ក្រិក ពីការរំខានដល់ការដឹកជញ្ជូន និងធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិត៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Reuters)


ចែករំលែក៖