ព័ត៌មានទាន់ហេតុការណ៍៖

រង់ចាំទស្សនា៣ឆ្នាំ ពេលនេះ ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» នឹងចាក់បញ្ចាំងថ្ងៃទី១៦ខែមីនានេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំទស្សនារយៈពេល៣ឆ្នាំមកពេលនេះ ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» បានប្រកាសបញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣នេះតទៅ។ភាពយន្តនេះប្រមូលផ្តុំសម្តែងដោយគ្រូ និងសិស្សឆ្នើមនៃក្បាច់គុនខ្មែរ និងត្រូវគេរំពឹងថានឹងជួយផ្សព្វផ្សាយក្បាច់គុននេះទៅកាន់ពិភពលោកផងដែរ។ 

មុននេះមហាជនបានដឹងហើយថាក្បាច់គុនល្បុក្កតោ មានការទទួលស្គាល់ពីអង្គការUNESCO ដោយចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។ 

ភាពយន្ត «ព្រលឹងល្បុក្កតោ» ត្រូវបានឧបត្ថម្ភការផលិត ដោយឯកឧត្តម «តឹក ង៉ូយ» ដែលសាធារណជនមួយ ចំនួនហៅគាត់ថា «ស្តេចនំដូណាត់» ដោយសារសាវតាជាអាជីវករដើមកំណើតខ្មែរដំបូង ដែលនាំពលរដ្ឋខ្មែរនៅសហរដ្ឋ អាមេរិក បើកហាងលក់នំដូណាត់ តាមរូបមន្តជោគជ័យរបស់ឯកឧត្តមកាលពីបណ្តាឆ្នាំ៨០ ដល់បច្ចុប្បន្ន។ សម្រាប់មតិគាំទ្រ ដល់ខ្សែភាពយន្តនេះ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថា វិភាគទានរបស់ខ្ញុំនឹងជួយឱ្យក្បាច់គុនលក្បុក្កតោ កាន់តែល្បី សុសសាយ ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសតាមរយៈខ្សែភាពយន្តមួយនេះ។

ទោះបីមាន ការបង្អាក់ពីវិបត្តិកូវីដ១៩កន្លងមក ពេលនេះលោកគ្រូសាន គីមស៊ាន នឹងបង្ហាញស្នាដៃភាពយន្តលើកដំបូងដែលមានចំណងជើងថា៖ «ព្រលឹងល្បុក្កតោ» ដែលទស្សនិកជនទន្ទឹងចាំអស់៣ឆ្នាំមកហើយ។ បើតាមប្រសាសន៍របស់លោកគ្រូដល់បណ្តាញ សារព័ត៌មានយើងខ្ញុំ ខែ្សភាពយន្តវ៉ៃតប់គុនបុរាណមួយនេះ ចំណាយពេលជិត២ឆ្នាំ ដើម្បីសម្រេចជាសមិទ្ធិផលជូន ទស្សនិកជន ហើយប្រមូលផ្តុំសុទ្ធតែសិស្ស និងគ្រូៗ ល្បុក្កតោ ចូលរួមសម្តែង។លោកគ្រូគឹមស៊ានបានបន្ថែមឡើងថា៖ «យើងខ្ញុំចង់បង្ហាញនូវប្រវត្តិនៃក្បាច់គុន ដែលមានចំណុចខ្លាំងពូកែៗរបស់ដូនតា យើង កាលពី១០០ ទៅ២០០ឆ្នាំមុន។ រឿងនេះនឹងស្តែងឱ្យឃើញនូវជីវភាព និងទិដ្ឋភាពរបស់ពលរដ្ឋខ្មែរនាសម័យនោះ។ សាច់រឿងក៏ជួយអប់រំកូនចៅជំនាន់ក្រោយ ឱ្យចេះស្រឡាញ់គាំទ្រវប្បធម៌គុណបុរាណខ្មែរ និងបន្តអភិរក្ស ហើយអភិវឌ្ឍ ឱ្យគង់វង្សយូរ អង្វែងដល់ខ្មែរជំនាន់ក្រោយ»។

គួរបញ្ជាក់ដែរថា ភាពយន្តរឿង”ព្រលឹងល្បុកត្តោ”និយាអំពីនៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖