ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាអ្នកនាំពាក្យមកពី៤ខេត្តប្រមាណជិត១០០នាក់ចូលរួមសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” នៅខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី ៖ មន្ត្រីជាអ្នកនាំពាក្យរដ្ឋបាលខេត្តនិងមន្ទីរអង្គភាពជុំវិញខេត្តមកពី៤ខេត្តរួមមាន៖ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះប្រមាណជិត១០០នាក់ចូលរួមសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”  ។សិក្ខាសាលានេះត្រូវបានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាលប្រាព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលមហោស្រពរតនៈនៅក្រុងបានលុងខេត្តរតនគិរីក្រោមអធិបតីភាពលោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាល និងលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

មានប្រសាសបើកសិក្ខាសាលា នាឱកាសនេះលោក ផៃ សុីផាន មានលើកឡើងថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញាយ៉ាងមុះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមមគ្គុទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ ហើយសិក្ខាសាលាស្ដីពី ”ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន” ដែលនឹងប្រព្រឹត្តទៅ រយៈពេល ២ថ្ងៃនេះគឺ មានគោលការណ៍ ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់ អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹង កិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិផងដែរ។

លោក ផៃ ស៊ីផាន បានបន្តថា ជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាន នូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានឱ្យ ចូលកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផល ប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យ ជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវលំហនៃតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ 

លោក ផៃ ស៊ីផាន មានជំនឿយ៉ាងមុតមាំថា សិក្ខាសាលា នឹងទទួលបាន ជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារ សុចរិត នៃផលប្រយោជន៍រួមរបស់ជាតិក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុត របស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋរបស់យើង៕

ដោយ៖ សូរិយា


ចែករំលែក៖