ខេត្តសៀមរាប៖ នៅថ្ងៃទី ៦មីនា ២០២៣នេះ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅវេលាព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។
ភ្ញៀវទេសចរខ្លះបានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តា ល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះនទឹកខាងជើង និងខាងត្បូងនៃប្រាសាទដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។
កញ្ញា យាន ដានី អាយុ២៩ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជ ធានីភ្នំពេញ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលមកដល់ខាងមុខប្រាសាទអង្គរ ដោយសារបាននឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះ។ កញ្ញា បន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើន លើកក៏ដោយ តែនេះជាលើកទីមួយហើយ ដែលខ្លួននិងមិត្តភ័ក្រ បានចូលមកទស្សនាថ្ងៃរះនៅទីនេះ ដោយត្រូវក្រោកមករង់ចាំតាំងពីម៉ោង៥ព្រឹក។ បានឃើញភាពស្រស់ស្អាតនៃថ្ងៃរះទន្ទឹមកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាស ។ កញ្ញា ដានី លើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទ អង្គរវត្ត។
អ្នកស្រី Garency Fraken ជនជាតិអាមេរិក បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ថ្ងៃរះនៅប្រាសាទ អង្គរវត្ត។ ដោយនេះជាក្តីស្រម៉ៃជាយូរមកហើយ របស់អ្នកស្រីនិងគ្រួសារ ដែលប៉ងប្រាថ្នាមកកាន់ប្រាសាទ អង្គរវត្ត។ អ្នកស្រីថា មកដល់កម្ពុជាភ្លាម (ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣) គោលដៅដែលខ្លួន និងគ្រួសារមកទស្សនាមុនគេគឺប្រាសាទអង្គរវត្ត ហើយគោលដៅបន្តអ្នកស្រីគ្រោង និងចូលទស្សនាប្រាសាទបុរាណជាច្រើនទៀតក្នុងរមណីយដ្ឋានអង្គរ។
នៅពេលធ្វើដំណើរកម្សាន្តមកកាន់រមណីយដ្ឋានអង្គរ អ្នកទេសចរតែងចំណាយពេលដ៏មានតម្លៃ ក្រោកពីព្រលឹម ឆ្ពោះមកប្រាសាទអង្គរវត្ត ដើម្បីបានឃើញភាពអស្ចារ្យនៃសម្រស់កំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលឆ្លុះចាំងជាមួយពន្លឺព្រះអាទិត្យរះពណ៌មាស៕
ដោយ៖ សូរិយា