ភ្នំពេញ ៖ យើងខ្ញុំទាំងអស់គ្នាជាយុវជន អង្គការ សង្គមស៊ីវិល ពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងឥតឈប់ ឈរទាំងយប់ទាំងថ្ងៃ ដើម្បីបុព្វហេតុជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលសព្វថ្ងៃបានស្រោចស្រង់ដឹកនាំឱ្យកម្ពុជាបានងើបមុខ លើឆាកអន្តរជាតិបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវសុខសន្ដិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី យ៉ាងពេញលេញ។
កន្លងមកប្រជាពលរដ្ឋកម្ពុជាធ្លាប់រងគ្រោះដោយសារសង្គ្រាមស៊ីវិល រស់នៅក្នុងភាពភ័យខ្លាច អត់ឃ្លាន និង បែកបាក់គ្រួសារ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញគ្រប់ទីកន្លែង ដែលបានដិតដាមក្នុងក្រអៅបេះដូងប្រជាពលរដ្ឋ ខ្មែរគ្រប់រូបមិនអាចបំភ្លេចបាននិងមិនចង់ឱ្យកើតមានសារជាថ្មីនោះទេ។ ប្រវត្តិដ៏ជូរចត់កន្លងមកនេះ អាចជាមេរៀន សម្រាប់យើងជាយុវជនគួរគិតគូរឱ្យបានវែងឆ្ងាយ ដើម្បីបញ្ចៀសការបែកបាក់គា្នដោយសារអ្នកនយោបាយជ្រុល និយមឬបរទេសខិលខូចជាដើម។ ដូចនេះយុវជន អង្គការ សមាគម សង្គមស៊ីវិល ប្រឆាំងដាច់ខាត បុគ្គលណា រូបភាពណា ដែលនាំឲ្យមានវិនាសកម្ម ដល់ប្រទេសជាតិខ្លួន សារជាថ្មីម្តងទៀត។ បើយើងធ្វេសប្រហែល សន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានក្នុងពេលបច្ចុប្បន្ននេះ អាចនឹងបាត់បង់ ហើយប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមម្ដងទៀត ជាក់ជាមិនខាន។
យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ យុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាចូលរួមបន្តរក្សា និងការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដើម្បីជនជាតិ ខ្មែរជំនាន់ក្រោយអាចបន្តរស់នៅសុខសាន្តជាមួយនឹងសន្តិភាពជានិច្ចនិរន្ត៕
ដោយ ៖ សិលា