ខេត្តបន្ទាយមានជ័យ៖ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឱ្យដឹងថា ស្ត្រីម្នាក់ជាពលករខ្មែរដែលពលរដ្ឋប្រទះឃើញស្លាប់ក្បែរព្រំដែនក្នុងទឹកងដីកម្ពុជានោះត្រូវបានសមត្ថកិច្ចចាប់បានជនដៃដល់ម្នាក់ហើយជាជនជាតិថៃនិងជាមេខ្យល់រស់នៅស្រុកថៃជាប់ជាយដែនកម្ពុជា។
សមត្ថកិច្ចព្រំដែនបានបង្ហើបថា ការដែលឃាត់ខ្លួនជនសង្ស័យគឺភាគីសមត្ថកិច្ចថៃជាអ្នកឃាត់ខ្លួនធ្វើឡើងកាលពីរសៀលម៉ោង៣ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នៅភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។
ជនសង្ស័យមានឈ្មោះ ហុង ខាវសិរីវេត (ហៅហុង)ភេទប្រុស អាយុ៥១ឆ្នាំ(ជាមេខ្យល់ថៃ)រស់នៅភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវប្រទេសថៃ។
មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ប្រជាពលរដ្ឋដែលត្រឡប់ពីធ្វើការនៅប្រទេសថៃព្រឹកវិលល្ងាចបានប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវបានសម្លាប់មានស្នាកស្នាមសុសមុខនៅចំណុចព្រៃក្បែរព្រំដែនកម្ពុជា-ថៃស្ថិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅពិនិត្យសាកសពស្ត្រីរងគ្រោះមានអត្តសញ្ញាណឈ្មោះ ស្វៃ សុភក្ត្រា អាយុ៣៩ឆ្នាំ រស់នៅភូមិផ្គាំ ឃុំសិង្ហចង្ហា ស្រុកអូរជ្រៅ ដែលត្រូវជនសង្ស័យប្លន់សម្លាប់យកលុយនៅពេលត្រឡប់ពីធ្វើការសំណង់នៅប្រទេសថៃតាមរយៈមេខ្យល់។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ ក្រោយការពិនិត្យស្រាវជ្រាវមុខសញ្ញាសហការជាមួយកម្លាំងភាគីថៃជាប់ព្រំដែនបានឃាត់ជនសង្ស័យដែលជាជនដៃដល់ជាជនជាតិថៃជាអ្នកប្លន់សម្លាប់ជនរងគ្រោះហើយត្រូវបានកម្លាំងភាគីថៃឃាត់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ក្នុងភូមិណាំគៀង ឃុំប៉ារ៉ៃ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។
ករណីខាងលើនេះអធិការស្រុកអូរជ្រៅលោកអុឺម សុភារៈ អ្នកសារព័ត៏មានទូរស័ព្ទលើកទីមួយនៅល្ងាចថ្ងៃទី៦ខែមីនាឆ្នាំ២០២៣ទទួលទូរស័ព្ទនិយាយ តែដោយទូរស័ព្ទរអាក់រអូលស្ដាប់មិនបានក៏ដាច់ទៅវិញ។ ចំណែកអ្នកសារព័ត៌មានបានទូរស័ព្ទលើកទី២ថាជាប់រវល់៕
ដោយ ៖ វណ្ណា