ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង៤០០គ្រឿង សម្រាប់ដឹក ពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤០០ គ្រឿង សម្រាប់ដឹកពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិនាពេលខាងមុខ។

នេះ បើតាមការបញ្ជាក់របស់  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានជម្រាបជូន សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

     លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានត្រៀម រថយន្តក្រុងចំនួន៤០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយ មិន គិតថ្លៃនៅក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល នឹងឈានចូលមកដល់នាពេលខាងមុខនេះ។

លោកបានឱ្យដឹងថា យើងទើបតែបានជំនួយសាធារណរដ្ឋកូរ៉េចំនួន២០០ឡានទៀត។ ដូចនេះនឹងបន្ថែមជើងទៀតនៅឆ្នាំនេះ ជាពិសេសខ្សែរត់ទៅកាន់ខេត្ត សៀមរាប និងបន្ទាយមានជ័យ នៅតាមផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ ដោយសារការឡើងថ្លៃ តាក់ស៊ី។

    លោក  កែវ ចាន់ណារិទ្ធ អភិបាលនៃរដ្ឋាករស្វយ័តដឹក ជញ្ជូន សាធារណៈរថយន្តក្រុង បានប្រាប់ឱ្យដឹងបន្ថែមថា យោង តាម ប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ខាងរដ្ឋាករស្វយ័ត ដឹកជញ្ជូន កំពុងរៀបចំផែនការបញ្ចេញរថយន្ត និងកម្លាំង ក្នុងការអនុវត្ត ផែនការ ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តមួយចំនួន ដែលមិនខុសពីឆ្នាំកន្លងទៅ នោះ ទេ។

លោកបានបន្ថែមថា ក្រុមការងារកំពុងសិក្សាមើលថា តើត្រូវ បន្ថែមជើង និងខ្សែរត់បន្ថែមទៀត ក្នុងកម្រិតណា ដោយសារតែសាលា រាជធានីភ្នំពេញ ទើបតែទទួលរថយន្ដក្រុងប្រភេទថ្មីចំនួន២០០គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង ។

   លោកបានបញ្ជាក់ថា៖ ដោយសារតែយើងទើបតែទទួលបាន អនុសាសន៍នៅព្រឹកមិញនេះ (ថ្ងៃទី០៦ មីនា) ដូចនេះ ឥឡូវ ក្រុម ការងាររបស់យើងកំពុងតែរៀបចំផែនការបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីរៀបចំឡានក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅ តាមបណ្តាខេត្តមួយចំនួនដូចឆ្នាំមុនៗដែរ។ប៉ុន្តែឆ្នាំនេះ តាមគម្រោង អាចនឹងមានបន្ថែមចំនួនជើង និងខ្សែរត់ ដោយក្រុមការងារ បច្ចេកទេស កំពុងពិភាក្សាលើបញ្ហានេះ ហើយជូន ដំណឹងដល់សាធារណៈជនក្នុង ពេលឆាប់ៗ»។

    លោក ចាន់ សុភាព ជាបុគ្គលិកក្រុមហ៊ុនឯកជន និងមានទីលំនៅ បណ្តោះអាសន្ន ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានបទពិសោធ ក្នុងការធ្វើដំណើរទៅស្រុកកំណើត នាខេត្តបាត់ដំបង នៅពេលមានពិធីបុណ្យជាតិធំៗ បានប្រាប់ថា មិនខុសពីឆ្នាំ មុនទេ លោកមានគម្រោងនឹងធ្វើដំណើរតាម មធ្យោបាយរថយន្ត ក្រុងសាធារណៈទៅកាន់ខេត្តបាត់ដំបង ជាថ្មីម្តងទៀត នាឱកាស បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយលោកអាចសន្សំលុយបាន មួយ ចំណែកពីការធ្វើដំណើរនេះ។

     លោកបានបន្ថែមថា រាល់លើកដែលសាលារាជធានីភ្នំពេញប្រកាសឱ្យ ពលរដ្ឋ អាចធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ខេត្តនានា ដោយមិនគិត ថ្លៃនោះ លោកមិនដែលខកខានម្តងណាឡើយ ព្រោះថា មិនត្រឹមតែមិន ថ្លៃទិញសំបុត្រហើយ ថែមទាំងរថយន្តមានផាកសុកភាព ខណៈដែល អ្នកបើកបរមានភាពរួសរាយរាក់ផងដែរ។

    លោកបានបញ្ជាក់ថា៖  ឆ្នាំនេះ ខ្ញុំដឹងតែទៅជិះឡានក្រុង សាធារណៈ ទៀតហើយព្រោះថា មិនត្រឹមតែចំណេញលុយទិញសំបុត្រទេ ថែម ទាំងរថយន្តថ្មីជិះស្រួលទៀត។ខ្ញុំ និងអ្នកដំណើរដទៃ ទៀត សប្បាយ ចិត្តណាស់ ដែលរដ្ឋាភិបាលបានគិតគូរដល់ពួកយើង។ បើមិ នដូច្នេះទេ ខ្ញុំនឹងត្រូវចំណាយច្រើនហើយពេលបុណ្យទានម្តងៗ យ៉ាងហោច ណាស់ទៅមកក៏អស់៥០ដុល្លារដែរ ពេលបុណ្យទានចឹង សំបុត្រឡើងថ្លៃ ។

បើតាមអភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២ រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុងបានដឹកប្រជាពលរដ្ឋ ៣៥០០០នាក់ ដោយ ប្រើប្រាស់រថយន្តក្រុងចំនួន ១៧៥ គ្រឿង ដែលបានធ្វើដំណើរតាម ផ្លូវជាតិលេខ ១ ដល់ផ្លូវជាតិលេខ ៧ ។កាលពីពេលថ្មីៗនេះ រដ្ឋបាល រាជធានីភ្នំពេញ ទើបតែបានទទួលរថយន្ដក្រុងប្រភេទថ្មីចំនួន២០០ គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប របស់សាធារណរដ្ឋកូរ៉េ ខណៈ ដែលរថយន្តក្រុងសាធារណៈដែលដំណើរការនៅកម្ពុជាសព្វថ្ងៃ បានទទួលជំនួយពីប្រទេសចិន និងជប៉ុន ដែលមានចំនួនជាង ២០០ គ្រឿង ដែលបានផ្តល់សេវាដឹកជញ្ជូនសាធារណៈមានចំនួន ១៣ ខ្សែ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕

 

ដោយ ៖ សំរិត


ចែករំលែក៖