ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីបNISSAN NAVARA បុករបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខវត្តស្ទឹងមានជ័យ​ ក្រឡាប់ផ្ងារជេីង​ទាំងកណ្ដាលអធ្រាត្រ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តស៊េរីទំនេីបមួយបាំងកន្លះ​ ម៉ាក​ Nissan navara យ៉ាងលឿន​រួចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង តែសំណាងដែរដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​និង២០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២៣​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត(ផ្លូវ២១៧)​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្តមួយបាំងកន្លះ​ ម៉ាក​ Nissan navara ពណ៌ស​ ពាក់ផ្លាក​លេខ​ភ្នំពេញ2AU-2961 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីលិចទៅកេីតដោយល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅលេីស្ពានស្ទឹងមានជ័យចាស់​បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជេីងម្ខាង​រងការខូចខាតយ៉ាងដំណំ​ ។ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវពុំរងការខូចខាតអ្វីច្រេីននោះទេ​ ។ ភ្លាមៗគេឃេីញបុរសម្នាក់បានវាចេញពីក្នុងរថយន្ត​បង្កទាំងមិនមានរងរបួស​ រួចគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ​ ។ 

​     បន្ទាប់ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ រួចទាក់ទងទៅសមត្ថកិច្ចផ្នែកជំនាញមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់​ ៕

IMG_4379

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖