ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ប្រកាសថា ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៉ឹង កន្ថាផាវី និងរដ្ឋមន្ត្រីវប្បធម៌ លោកស្រី ភឿង សកុណា នឹងត្រូវរក្សាការងារដដែលនៅអាណត្តិទី៧

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  បានប្រកាសថា : រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ៉ឹង កន្ថាផាវី និងរដ្ឋមន្ត្រីវប្បធម៌ លោកស្រី ភឿង សកុណា នឹងត្រូវរក្សាការងារដដែលនៅអាណត្តិទី៧។

ថ្លែងអបអរទិវាអន្តរជាតិនារី ៨មីនា ព្រឹកថ្ងៃទី៧ ខែមីនា នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្កើតរដ្ឋាភិបាលអាណត្តិថ្មីរបស់គណបក្សប្រជាជន រដ្ឋមន្ត្រីទាំងពីរនឹងត្រូវរក្សាការងារបន្តទៀត ដោយសាររដ្ឋមន្ត្រី ជាស្ត្រីទាំងពីរនាក់នេះបានធ្វើការងារល្អក្នុងអាណត្តិកន្លងទៅ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅកម្ពុជាអាណត្តិទី៧ នឹងត្រូវរៀបចំនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ក្រោយការបោះឆ្នោតប្រមាណ២ ទៅ៣ សប្ដាហ៍រដ្ឋាភិបាលថ្មីនឹងត្រូវបង្កើត។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយអាថ៌កំបាំងមួយទាក់ទងនឹងការស្ទាបស្ទង់មតិមួយដែលបង្ហាញថា ស្ត្រីបានបង្ហាញការគាំទ្រចំពោះសម្ដេចតេជោ ច្រើនជាងបុរស។

 សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះជាការធ្វើការស្ទង់មតិចំនួន ៣ដងដោយក្រុមហ៊ុនបរទេស ហើយការគាំទ្រពីស្រ្តីច្រើនជាងបុរសចំពោះសម្ដេចនេះអាចមកពីកត្តាសន្ដិភាព និងស្ថិរភាពដែលកម្ពុជាមានដូចបច្ចុប្បន្ន។

សម្ដេចបានរំម្លឹកពីការលំបាករបស់ស្ត្រីក្នុងសម័យសង្គ្រាមថា ស្ត្រីមានការលំបាកជាច្រើន ឆ្លងកាត់សង្គ្រាម ព្រាត់ប្រាស់គ្រួសារ ត្រូវរត់ពីតំបន់មានការបាញ់បះ ហើយពុំមានលទ្ធភាពក្នុងការកសាងសេដ្ឋកិច្ចរបស់ខ្លួននោះទេ។

បើតាមសម្ដេចតេជោ ការស្ទង់មតិនេះធ្វើឡើងចំនួន ៣ដងដោយក្រុមហ៊ុនបរទេសមួយគឺនៅខែមករា ឆ្នាំ២០២២ ខែតុលា ឆ្នាំ២០២២ និងមករា ឆ្នាំ២០២៣៕

ដោយ ៖ សិលា


ចែករំលែក៖