ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុបានបន្តដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋជាអតិថិជន ម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ជាលើកទី៣ ដោយមានការចូលរួមពីគ្រប់សមាសភាពពាក់ព័ន្ធ ដែលលទ្ធផលនៃកិច្ចប្រជុំមានដូចតទៅ៖
១- រដ្ឋបាលខេត្តព្រះសីហនុ ឯកភាពឱ្យមានជំនួបរវាងភាគីម្ចាស់បំណុលនឹងភាគីក្រុមហ៊ុន បុរី វីអាយភី ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ចំនួនទឹកប្រាក់នៃបំណុលដោយមានឯកសារជាភស្តុតាងឱ្យបានច្បាស់លាស់ក្រោមការសម្របសម្រួលរបស់ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ។
២- ប្រគល់ភារកិច្ចជូនលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំក្រុមការងារដើម្បីរៀបចំកិច្ចប្រជុំរវាងភាគីក្រុមហ៊ុន បុរី វីអាយភី នឹងភាគីម្ចាស់បំណុលនីមួយៗ ដោយមានការចូលរួមពីតំណាងប្រជា
ពលរដ្ឋ ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់តួលេខបំណុលនីមួយៗឱ្យបានច្បាស់លាស់។
៣- ក្រុមហ៊ុន បុរី វីអាយភី ត្រូវផ្តល់ទិន្នន័យទំហំសាច់ប្រាក់ដែលនៅនៅសល់របស់អតិថិជនទាំង១៧០០ផ្ទះ ត្រូវបង់ឱ្យក្រុមហ៊ុន បុរី វីអាយភីឱ្យបានច្បាស់លាស់ និងមានតម្លាភាព ជូនមកក្រុមការងាររដ្ឋបាលខេត្ត និងភាគីម្ចាស់បំណុល ព្រោះទិន្នន័យនៃទឹកប្រាក់នេះជាមូលដ្ឋានសម្រាប់ធ្វើការពិចារណាជូនទៅភាគីម្ចាស់ បំណុលនីមួយៗក្នុងការសិក្សាបន្តការសាងសង់ផ្ទះជូនអតិថិជនឱ្យបានចប់សព្វគ្រប់ក្រោយពីមានការឯកភាពស្រុះស្រួលគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ស្នើសុំក្រុមហ៊ុន បុរី វីអាយភី ផ្តល់បញ្ជីឈ្មោះអតិថិជន ចំនួនទឹកប្រាក់ដែលបានបង់ និងនៅជំពាក់ (Soft Copy) មកឱ្យរដ្ឋបាលខេត្តព្រះសីហនុ។
៤- អង្គប្រជុំស្នើសុំឱ្យអតិថិជនក្រុមហ៊ុន បុរី វីអាយភី ខេត្តព្រះសីហនុ ផ្អាកការបង់ប្រាក់បន្តជាបណ្តោះអាសន្នទៅក្រុមហ៊ុន បុរី វីអាយភី ខេត្តព្រះសីហនុ រហូតដល់មានការព្រមព្រៀងថ្មី ហើយភាគីក្រុមហ៊ុន បុរី វីអាយភី ស្នើសុំឆ្លើយតបមកវិញត្រឹមថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣ ត្រឹមម៉ោង ០៥ :០០ នាទីល្ងាច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប៕
ដោយ ៖ សិលា