ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីកម្ពុជាស្នើសុំឱ្យបរទេសទាំងឡាយគោរពសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាផង

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឱ្យបរទេសទាំងឡាយ ត្រូវគោរពសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាផង។ សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់បណ្ដាតំណាងស្ថានទូត និងបរទេសមួយចំនួនថា នាអំឡុងពេលដែលគ្រួសារសម្ដេចតេជោនិងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែកដោយការបាត់បង់ប្អូនស្រី បែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយានិងគ្រួសារសម្ដេចទៅវិញ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅទូតទាំងអស់ថា តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ចំពោះការប្រមាថមើលងាយទៅលើសូម្បីតែអ្នកដែលបានស្លាប់ទៅហើយនោះ គឺការអនុវត្តច្បាប់ត្រូវតែមានចំពោះជនទាំងនោះ ហើយសុំបរទេសទាំងឡាយកុំចោទថា សម្តេចគឺជាជនផ្តាច់ការ ពីព្រោះរឿងនេះមិនអាចទទួលយកបានជាដាច់ខាត។ 

សម្តេចតេជោ បានលើកឡើងពីការហែកហួរគ្នារវាងប្តី-ប្រពន្ធ លែងលះគ្នាតាមបណ្តាញសង្គមFacebook ដែលជារឿងអាម៉ាស់បំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារទៀតផង។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារនិងសីលធម៌នៅក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់បណ្ដាតំណាងស្ថានទូតនិងបរទេសមួយចំនួនថា តើបានដឹងទេថា នាអំឡុងពេលដែលគ្រួសារសម្ដេចនិងភរិយាសម្ដេចកំពុងសម្រក់ទឹកភ្នែកបែរជាមានជនអាក្រក់នៅក្រៅប្រទេសមួយចំនួនមកប្រមាថដល់ភរិយានិងគ្រួសារសម្ដេចទៅវិញ តើរឿងនេះអស់លោកបរទេសអាចទទួលយកបានទេ?

សម្តេចតេជោ ហ៊ុន សែន ប្រកាសសាជាថ្មីថា សម្ដេចនឹងគ្មានថ្ងៃប្រើប៊ិកដើម្បីចុះហត្ថលេខាស្នើសុំការលើកលែងទោសដល់ជនអាក្រក់ដែលប្រមាថដល់ក្រុមគ្រួសាររបស់សម្ដេចដាច់ខាត៕

ដោយ ៖ សិលា


ចែករំលែក៖