ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារ ៖ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានយានយន្តចំនួន ៨.៥៣៧ គ្រឿង ដែល មិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានយានយន្តចំនួន ៨ ៥៣៧ គ្រឿង ដែល មិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ ។

 អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ជាពិសេសអនុវត្ត តាមខ្លឹមសារនៃប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងចុះតាមគោលដៅសំខាន់ៗដើម្បីត្រួតពិនិត្យ ការអនុវត្តការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសសំដៅធានាបាននូវសមភាព និងតម្លាភាពនៃការបង់ពន្ធប្រភេទនេះ ដែលយុទ្ធនាការនេះបានចាប់ផ្ដើមពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ រហូតមក។

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររួមជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការ ផាកពិន័យនៅនឹងកន្លែងគោលដៅត្រួតពិនិត្យក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានយានយន្តចំនួន ៨ ៥៣៧ គ្រឿង ដែល មិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលាស្របតាមការកំណត់ដោយច្បាប់ ហើយយានយន្តទាំងនោះតម្រូវឱ្យបង់ ប្រាក់ពន្ធ រួមទាំងប្រាក់ពិន័យមានចំនួន ៦ ០៩៥ ០៧០ ០០០ រៀល (ប្រមាណ ១,៥២ លានដុល្លាអាមេរិក)។

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ឬសាធារណជន ដែលជាម្ចាស់ មធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងអស់មេត្តាជ្រាបផងដែរថា ដោយសង្កេតឃើញមានយានយន្តដែលមិនទាន់ បានប្រកាសបង់ពន្ធ័នៅតែបន្តធ្វើចរាចរណ៍នៅលើដងផ្លូវនៅឡើយ ដូចនេះក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យលើយានយន្តណាដែលមិនទាន់បានបង់ពន្ធប្រភេទនេះ ដើម្បីឱ្យច្បាស់ថាយានយន្ត ទាំងអស់បានបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើភាពគ្នាតាមការកំណត់ដោយច្បាប់។

ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានពន្ធដារមានបំណងផ្តល់ការក្រើនរំឭក ក៏ដូចជាការប្រកាសជាព័ត៌មានជូនដល់ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ឬសាធារណជន ដែលជាម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងអស់ រួសរាន់ អញ្ជើញទៅប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ឱ្យបានគ្រប់ៗគ្នានៅ អគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ, ឬធនាគារអេស៊ីលីដា ភីអិលស៊ី, ឬធនាគារវឌ្ឍនៈ, ឬធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ឬធនាគារជេ ត្រាស់ រ៉ូយ៉ាល់, ឬធនាគារប្រៃសណយ៍ កម្ពុជា ក.អ, ឬធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ឬធនាគារស្ថាបនា ភីអិលស៊ី, ឬធនាគារវឌ្ឍនៈ អាស៊ីចំកាត់ ដើម្បីចៀសវាងការឃាត់យានយន្តតាមដងផ្លូវដោយមន្ត្រីពន្ធដារ និងកងកម្លាំងមានសមត្ថកិច្ចដែលអាចនាំឱ្យមាន ការកកស្ទះចរាចរណ៍ ខាតពេលវេលា និងអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ឬសាធារណជន ដែលជាម្ចាស់ មធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តច្បាប់ប្រកបដោយស្មារតីសហការ និងការ ទទួលខុសត្រូវខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖