ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យបីនាក់ករណីគប់កញ្ចក់រថយន្តអ្នកដំណើរតាមដងផ្លូវ

ចែករំលែក៖

   ខេត្តកណ្ដាល៖ នគរបាលស្រុកកៀនស្វាយបានធ្វើការឃាត់ខ្លួនជនសង្ស័យបីនាក់ ក្រោយពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តអ្នកដំណើរ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០០និង១៥នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។   

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ ១-ឈ្មោះ ទ្បឹក ភានហៅ(បារាំង)ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។  ២-ឈ្មោះ មឿន សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។ ៣-ឈ្មោះសុខ សុភារ៉ាត់ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ១-ថ្មភ្នំមួយដុំទម្ងន់៣៥០ក្រាម។

ប្រភពដដែលបន្តថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០០ និង១៥នាទីជនសង្ស័យទាំង០៣នាក់ខាងលើបានជិះម៉ូតូ១គឿងម៉ាកHONDAពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៨មិនចាំស្លាកលេខដោយឈ្មោះទ្បឹក សុភាន(ហៅបារាំង)ភេទប្រុសជាអ្នកបើកម៉ូតូ ហើយឈ្មោះសុខ សុភារ៉ាត់(ហៅភី) ភេទប្រុស ជាអ្នកជិះកណ្តាលនិងឈ្មោះមឿន សំណាង ភេទប្រុសជិះខាងក្រោយទៅទិញបារីនៅមុខវត្តខ្សុំ ពេលទិញបានបារីហើយក៏នាំគ្នាជិះម៉ូតូត្រទ្បប់មកផ្ទះវិញ ពេលនោះឈ្មោះសុខ សុភារ៉ាត់ ឈ្មោះមឿន សំណាង ក៏បានរើសដុំថ្មមកកាន់នឹងដៃ ហើយជនសង្ស័យទាំង៣នាក់ជិះម៉ូតូហួសមុខកំពង់ផែភ្នំពេញស្វយ័តបានប្រហែល៤៥ម៉ែត្របានឃើញរថយន្ដម៉ាកកូរ៉េ០១គ្រឿងក្បាលពណ៍សទ្រុងពណ៌ខៀវធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ មានភ្លើងអុីវៗ ឃើញដូច្នេះជនសង្ស័យឈ្មោះមឿនសំណាងបានគប់កញ្ចក់រថយន្ដនោះបណ្ដាលឲ្យបែកកញ្ចក់ផ្នែកខាងមុខ។ ពេលគប់រួចជនសង្ស័យទាំ៣នាក់បានជិះម៉ូតូឌុបគ្នាគេចខ្លួនមកដេកនៅផ្ទះឈ្មោះសុខ សុភារ៉ាត់ទាំងអស់គ្នា។

ចំណែកម្ចាស់រថយន្ដមិនបានប្ដឹងសមត្ថកិច្ចនោះទេក៏បើករថយន្ដទៅបាត់ទៅ។ លុះមកដល់ម៉ោង០០និង៤៥នាទីក៏មានប្រជាពលរដ្ឋល្អបានរាយការណ៍មកប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលបន្ទាយដែកថាមានករណីគប់កញ្ចក់រថយន្ដ។ ក្រោយពីទទួលបានព័ត៌មានតាមរយៈទូរស័ព្ទភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះទៅដល់កន្លែងកើតហេតុហើយពិនិត្យមើលកន្លែងកើតហេតុជាក់ស្ដែងឃើញមានស្នាមកញ្ចក់បែកនៅលើទ្រូងថ្នល់ផ្លូវជាតិលេខ១។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែកបានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសរហូតដល់ថ្ងៃទី០៦ ខែឆ្នាំដដែល វេលាម៉ោង១៦និង២៥នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែកបានធ្វើការល្បាតបានឃើញជនសង្ស័យទាំង៣នាក់កំពង់ដេកនៅផ្ទះឈ្មោះសុខ សុភារ៉ាត់ក៏បានសួរនាំរួចយកមកប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

ក្រោយពីបានសាកសួររួចជនសង្ស័យទាំង៣នាក់ខាងលើបានឆ្លើយសារភាពថាៈពួកខ្លួនទាំង៣នាក់ពិតជាបានគប់កញ្ចក់រថយន្ដាអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ពិតប្រាកដមែន ហើយនិងបានឆ្លើយសារភាពទៀតថា កន្លងមកពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយពួកខ្លួនទើបតែប្រព្រឹត្តបទល្មើសបែបនេះជាលើកទីមួយ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖