ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិនបានយល់ព្រមរៀបចំឥណទានឡើងវិញដល់ស្រីលង្កា

ចែករំលែក៖

ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បាននិយាយកាលពីថ្ងៃអង្គារទី ៧ ខែមីនាថាប្រទេសចិនបានយល់ព្រមរៀបចំឥណទានឡើងវិញដល់ប្រទេសខ្លួនដែលក្ស័យធន ដើម្បីដោះស្រាយបញ្ហាចុងក្រោយនៃថវិកាសង្រ្គោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលរង់ចាំជាយូរមកហើយ។

វិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកបានធ្វើឱ្យមនុស្ស ២២ លាននាក់របស់ប្រទេសស្រីលង្កាទទួលរងនូវកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ រួមជាមួយនឹងការដាច់ចរន្តអគ្គិសនី និងអតិផរណាដែលមិនអាចគ្រប់គ្រងបាន

រដ្ឋាភិបាលរបស់ប្រធានាធិបតី Ranil Wickremesinghe បាននិងកំពុងធ្វើការដើម្បីជួសជុលហិរញ្ញវត្ថុដែលខូចរបស់ប្រទេសស្រីលង្កា និងធានានូវកញ្ចប់ថវិកាសង្គ្រោះរបស់ IMF ដែលត្រូវការជាចាំបាច់

ប៉ុន្តែ​ការងានេះត្រូវ​បាន​រារាំង​ដោយ​ការ​ចរចា​បំណុល​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ម្ចាស់​បំណុល​ទ្វេភាគី​ធំ​ជាង​គេ​របស់​ខ្លួន។ប្រទេសស្រីលង្កាបានលុបចោលបំណុលបរទេសចំនួន ៤៦ ពាន់លានដុល្លាររបស់ខ្លួនកាលពីខែមេសាឆ្នាំមុន។

ប្រហែល ១៤ ពាន់លានដុល្លារអាមេរិក ជាបំណុលទ្វេភាគីជំពាក់រដ្ឋាភិបាលបរទេស ដែលក្នុងនោះបំណុលចិនមានរហូតដល់ទៅ៥២ ភាគរយ។

លោក Wickremesinghe បាននិយាយថា ធនាគាររដ្ឋចិនExim Bank of China បានផ្ញើលិខិតមួយទៅកាន់ IMF កាលពីយប់ថ្ងៃចន្ទ ដែលបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបន្តដំណើរការរៀបចំឥណទានឡើងវិញ

លោក Wickremesinghe បានប្រាប់សភាថា ពេលនេះទីក្រុងប៉េកាំងបានយល់ព្រមលើការរៀបចំ ឥណទានឡើងវិញ ហើយលោករំពឹងថានឹងទទួលមូលនិធិ ប្រាក់កម្ចីដំបូងចំនួន ២.៩ ពាន់លានដុល្លារអាមេរិកពីអ្នកឲ្យខ្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែនេះ។

ចំណែកឯជប៉ុន និងឥណ្ឌា ដែលជាម្ចាស់បំណុលធំជាងគេផ្សេងទៀត រួមជាមួយនឹងប្រទេសម្ចាស់បំណុលផ្សេងទៀតដែលហៅថា “ក្លឹបប៉ារីស” បានផ្តល់ការធានាកាលពីដើមឆ្នាំនេះចំពោះការលុបចោលបំណុលដើម្បីស្តារសេដ្ឋកិច្ចស្រីលង្កាដោយនៅសល់តែប្រទេសចិនមួយប៉ុណ្ណោះ

ដោយ៖ ភារៈ(ប្រភព៖ channelnewsasia.com)


ចែករំលែក៖