ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ដេីម្បីចូលរួមអបអរខួបទី១១២ ទិវាអន្តរជាតិនារី ៨ មីនា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដេីម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី អ្នកនាង កញ្ញាជាមន្ត្រីប្រតិបត្តិសាខា អនុសាខា អង្គភាពសំណល់វេជ្ជសាស្ត្រ និងអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម សរុបចំនួន៥០នាក់ (នារី២៨នាក់) ។
នាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល ពិសេសបងប្អូននារីទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។ លោកបានលើកឡើងថា សម្រាប់មូលបទនាឆ្នាំនេះ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួមរបស់ស្ត្រីក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។ ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជា ពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ។ លោកនាយកប្រតិបត្តិសាខា ក៏បានលេីកឡេីងពី ភាពមិនអាចខ្វះបានរបស់ស្ត្រីក្នុងការចូលរួមទាំងការងារគ្រួសារ និងការងារសង្គមជាតិ ហេីយបច្ចុប្បន្ននេះស្ត្រីពិតជាសមត្ថភាពខ្ពស់ៗមិនចាញ់បុរសឡេីយ ជាក់ស្តែងដូចជានៅក្នុងស្ថាប័នកាកបាទក្រហមកម្ពុជាយេីង ដែលមានថ្នាក់ដឹកនាំជាស្ត្រី ជាពិសេសក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាស្ត្រីទី១របស់កម្ពុជា និងជាភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចប្រធានបានលះបង់ទាំងកម្លាំងកាយចិត្តដឹកនាំស្ថាប័នមនុស្សធម៌នេះជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ទទួលបាននូវការគាំទ្រ ល្បឺរន្ទឺទាំងជាតិ និងឆាកអន្តរជាតិ រហូតទទួលបាននូវគោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលវីរភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាកុលធីតាខ្មែរមួយរូបនេះ គឺជាគំរូដ៏ល្អប្រពៃ សម្រាប់យុវជន យុវនារីខ្មែរជំនាន់ក្រោយ ជាពិសេសបងប្អូនជាស្ត្រីទាំងអស់ ។
នៅក្នុងពិធីសំណេះសំណាលនេះ លោកនាយកប្រតិបត្តិសាខា ក៏បានប្រគល់នូវវត្ថុអនុស្សាវរីយ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោក លោកស្រី អ្នកនាង កញ្ញាដែលបានចូលរួមក្នុងកម្មវិធីទាំងអស់ផងដែរ ៕
ដោយ ៖ សហការី