ព័ត៌មានទាន់ហេតុការណ៍៖

លោក​ គង់​ វិបុល ​៖​ ការដកកម្ពុជា​ចេញពីបញ្ជី​ប្រផេះ​ គឺជាសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា​ក្នុងការ​ទាក់ទាញវិនិយោគកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ៖ លោក គង់ វិបុល​ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ការដកកម្ពុជា​ចេញពីបញ្ជី​ប្រផេះនៃប្រទេសដែលមានការសម្អាត​ប្រាក់កខ្វក់ គឺជាសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា​ក្នុងការ​ទាក់ទាញវិនិយោគ ជាពិសេសការបង្កើននូវនិរន្តរភាពនៃថវិកាជាតិសម្រាប់ការអភវិឌ្ឍ។

ការលើកឡើងបែបនេះរបស់លោក​ គង់ វិបុល​ ​ក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ​ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ ​និងការប្រឆាំងការសម្អាតប្រាក់ “កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៣​ម្សិលមិញនេះ​។ 

លោក​ គង់ វិបុល​ ​បានថ្លែង​បញ្ជាក់ថា​ អគ្គនាយកដ្ឋានពន្ធដារ មាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ជា​សេនាធិការក្នុងការបំពេញមុខងារស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម ដែលបាន​នឹងបន្តចូលរួមយ៉ាងសកម្មជាមួយអន្តរក្រសួង ​ស្ថាប័នដទៃទៀតរបស់រាជរដ្ឋាភិបាល ដែល​មានដូចជា ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ​ក្រសួងយុត្តិធម៌ អង្គភាពស៊ើបការណ៍​ហិរញ្ញវត្ថុកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ​លើការចោទប្រកាន់អ្នកប្រព្រឹត្តបទល្មើស លើករណីសង្ស័យនៃការលាងប្រាក់។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្តថា​ លទ្ធផលដែល FATF សម្រេចដកកម្ពុជាចេញ​ពី​បញ្ជីប្រផេះ នេះជាខិតខំប្រឹងរបស់អង្គភាពរាជរដ្ឋាភិបាលទាំងអស់គ្នា ដែលការដកកម្ពុជាចេញ​ពី​បញ្ជីប្រផេះ គឺជាសញ្ញាវិជ្ជមានដ៏ល្អរបស់កម្ពុជា​ និងជាផ្នែកមួយយ៉ាងសំខាន់ ជាពិសេសការ​បង្កើន​ទំនុកចិត្ត និងទាក់ទាញដល់អ្នកវិនិយោគ ។

សូមបញ្ជាក់ថា ដើម្បីចៀសផុតពីបញ្ជីប្រផេះ កម្ពុជា ត្រូវប្រឹងប្រែងស្រាវជ្រាវរកឲ្យឃើញពី​ប្រភព​ធនធាន​​កខ្វក់របស់ឧក្រិដ្ឋជន ហើយឈានទៅដល់ការរឹបអូស ឬការបង្កកធនធានកខ្វក់ទាំងនោះ។

ជាមួយគ្នានោះ​ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ជុំវិញការបង់ពន្ធនេះថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ អនុលោមភាពសារពើពន្ធមានការកើនឡើងគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែនៅតែមានសហគ្រាសធំៗមួយចំនួន ​នៅតែប្រកាសខាតច្រើនឆ្នាំ ​ព្យាយាម​បន្ត​គេចវេះ​ពន្ធ ហើយ​ទន្ទឹមនឹងគ្នានេះក៏មានរូបភាព​នៃការគេចវេះពន្ធ និងបទល្មើសពន្ធដារបានកើតឡើង​ក្នុង​ទម្រង់ថ្មីៗ ក៏ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារបន្តស្រាវជ្រាវ​ និងចាត់វិធានការដើម្បីទប់ស្កាត់៕

ដោយ​៖សហការី​


ចែករំលែក៖