ព័ត៌មានទាន់ហេតុការណ៍៖

វិញ្ញាសាប្រឡងកីឡានិងកាយសម្បទា ជ្រើសរើសវគ្គនាយទាហានសកម្មជំនាន់ទី ២៥ នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានទ័ពពិសេស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣នេះ ជាថ្ងៃទី២ហើយ នៃការប្រទ្បង ជ្រើសរើសវគ្គនាយទាហានសកម្មជំនាន់ទី ២៥ នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការដ្ឋានទ័ពពិសេស សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំវិញ្ញាសាប្រឡងកីឡា និងកាយសម្បទា ជ្រើសរើសសម្រាប់វគ្គនាយ ទាហានសកម្មជំនាន់ទី២៥ នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០២៣ ដែលមានការអញ្ជើញចូលរួមបើកកម្មពិធីពី ឧត្តម សេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយ ទាហានសកម្ម និងជាអនុប្រធានគណៈកម្មការជ្រើស រើស ព្រមទាំង អស់លោក-លោកស្រីដែលជាគណៈកម្ម ការជ្រើសរើសជាច្រើនរូបទៀត។

សម្រាប់ឆ្នាំ ២០២៣ នេះ បេក្ខជនទាំងពីរភេទដែលមកដាក់ពាក្យប្រលងមានរហូតដល់ទៅ ៦៣៩៩ នាក់ ក្នុងនោះបេក្ខជនបេក្ខនារី ដាក់ពាក្យចូលប្រឡង ចូលជានាយទាហានសកម្ម ចំនួន ១៧១០ នាក់,នាយទាហានទ័ពជើងគោក ចំនួន ២៦៣៦ នាក់,នាយទាហានបន្តវេនចំនួន ១៨៣១ នាក់,និងនាយទាហានបច្ចេកទេសយោធាចំនួន ២២២ នាក់ ។ 

សូមបញ្ជាក់ថា គណៈកម្មការបានកំណត់យកនាយ ទាហានសកម្មជំនាន់ទី២៥ ចំនួន ១០០នាក់, នាយនទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន១៥០នាក់, នាយទាហានជំនាញបច្ចេកទេសយោធា ចំនួន៣០នាក់។

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បានណែនាំដល់អនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន និងគណៈកម្មការជ្រើសរើស ត្រូវរក្សាដំណើរការប្រឡងឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ សុក្រឹត តម្លាភាព និងមានភាពយុត្តិធម៌ ក្រោមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ព ជើងនគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើស គឺមានន័យថា អ្នកដែលជោគជ័យក្រោយការប្រឡងទាំងវិញ្ញាសាចំណេះដឹងទូទៅ និងភាសាបរទេសកាលពីថ្ងៃទី ៥ ខែមីនា រួមនឹងវិញ្ញាសាកីឡាកាយ សម្បទានៅថ្ងៃនេះគឺជាប់ដោយសមត្ថភាពផ្ទាល់។ 

ឧត្តមសេនីយ៍ឯក ប៊ុត សុភាព បាននាំប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់បណ្ឌិត ហ៊ុន ម៉ាណែត ថា “យើងរៀបចំការប្រទ្បងរៀងរាល់ឆ្នាំប្រើប្រាស់ថវិការច្រើនណាស់ ប៉ុន្តែអ្វីដែលសំខាន់គឺយើងមានមោតនភាពដែលឪពុកម្ដាយគ្រប់រូប បានជំរុញ និងផ្ដល់ឳកាសឲកូនៗរបស់ពួកគាត់មកបញ្ចេញសម្ថភាព ដើម្បីបញ្ជាក់ពីឆន្ទៈស្រលាញ់ស្នេហា៍ជាតិមាតុភូមិ”

សូមបញ្ជាក់ថា ការជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ គឺជាការជ្រើសរើសនាយទាហាន ដែលមានសមត្ថភាពពិតប្រាកដ តម្លាភាព ប្រសិទ្ធភាព សុក្រឹត និងយុត្តិធម៌ ដោយគ្មានការអន្តរាគមន៍ ៕

ដោយ៖ សូរិយា


ចែករំលែក៖