ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីអបអរសាទរខួប ៣ឆ្នាំនៃការដាក់ឱ្យដំណើរការជាផ្លូវការលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារវត្តបទុមវតី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះថា៖ ក្រសួងសាធារណការ កំពុងពិភាក្សាគ្នាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្លាស់ប្តូរស្លាកលេខទាំងអស់ដែលមិនមាន QR Code ទៅជាស្លាកលេខដែលមាន QR Code ដោយឥតគិតថ្លៃ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកំពុងតែរកនីតិវិធីជួយសម្របសម្រួលយ៉ាងណា បើអាចធ្វើទៅបាន គឺឱ្យគាត់មកដូរចុះជាស្លាកមាន QR Code ដោយមិនបាច់បង់លុយ យើងកំពុងតែពិភាក្សាគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវប្រើថវិកាគួរសមដែរដើម្បីប្តូរទាំងអស់ (ទៅជាស្លាកលេខមាន QR Code)»។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ការដែលផ្លាស់ប្តូរស្លាកលេខទាំងអស់ទៅជាស្លាកលេខមាន QR Code នេះគឺដើម្បីបំបាត់ការប្រើប្រាស់ស្លាកលេខក្លែងក្លាយ។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កាលណាម្ចាស់យានយន្តមកប្តូរស្លាកលេខជា QR Code នោះក្រសួងសាធារណការនឹងកំណត់អាស្រយដ្ឋានបច្ចុប្បន្នភាពឱ្យបានច្បាស់លាស់ដើម្បីជៀសវាងការក្លែងបន្លំស្លាកលេខក្លែងក្លាយ។ បើតាមលោក ស៊ុន ចាន់ថុល គឺមានតែកម្ពុជាតែមួយគត់ដែលដាក់ QR Code នៅលើស្លាកលេខរថយន្ត និងម៉ូតូ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងទុកថានៅឆ្នាំ២០២៣នេះ ការលក់លេខពិសេសនឹងមានការកើនឡើងជាង ៥ភាគរយបន្ថែមទៀត។ លោក បន្តថា ចំណូលដែលក្រសួងប្រមូលបានពីការលក់ស្លាកលេខពិសេសនេះ ក្រសួងបែងចែកចំណូលមួយចំនួនយកជូនទៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។
សូមជម្រាបជូនថា ក្រសួងសាធារណការ បានអនុវត្តការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនតាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដោយគិតមកដល់ឆ្នាំ២០២៣នេះ ក្រសួងលក់បានស្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនចំនួន ១១៨ ០៥២លេខ រកចំណូលបានសរុបចំនួនជាង ៥៤លានដុល្លារ៕
ដោយ៖សហការី