ក្រុមតោខៀវ Chelsea នឹងសម្លឹងរកការសង្គ្រោះពីភាពបរាជ័យកាលពីជើងទី១ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមរបស់ពួកគេ នៅពេលដែលក្រុមនេះស្វាគមន៍ក្រុមភ្ញៀវ Borussia Dortmund នៅកីឡដ្ឋាន Stamford Bridge សម្រាប់ការប្រកួតបញ្ច្រាសគ្នានៅរាត្រីថ្ងៃអង្គារនេះ។
Dortmund បានឈ្នះជើងទី១ក្នុងលទ្ធផល ១–០ នៅ SIGNAL IDUNA PARK កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ។ កីឡាករ Karim Adeyemi ជាអ្នករកបាន១គ្រាប់ជ័យជម្នះឲ្យ Dortmund នៅនាទីទី៦៣នៅពេលនោះ។
Chelsea មានកីឡាករលេចធ្លោរ Pierre-Emerick Aubameyang និង Raheem Sterling ក្នុងការប្រកួត Champions League។ កីឡាករទាំង២គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមដែលមានម្នាក់២គ្រាប់។ចំណែកខ្សែបម្រើប្រយុទ្ធ Jude Bellingham គឺជាកីឡាករនាំមុខគេសម្រាប់ Dortmund ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ក្នុងយុទ្ធនាការ Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់បើកឆាកមួយប្រកួតផងដែរ។
ក្រុមភ្ញៀវ Dortmund បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត១២លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់។ ក្រុមនេះបានវាយបកតាមសំណាញ់ទីគ្រប់ការប្រកួតចាប់តាំងពីជំនួបនៅ Bundesliga ជាមួយ Wolfsburg ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រីឯក្រុមម្ចាស់ផ្ទះ Chelsea មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះខ្លួនឯងក្នុងរដូវកាល Champions League រដូវកាលនេះ ជាមួយនឹងជ័យជម្នះ២លើក និងស្មើ១លើកពីការប្រកួតបីលើករបស់ពួកគេនៅលើទឹកដីខ្លួនឯង។
នៅក្នុងការប្រកួតក្រៅផ្ទះក្នុងការប្រកួតនៅរដូវកាលនេះ Dortmund ទទួលបាន៤ពិន្ទុពី៣ប្រកួត (ឈ្នះ១ ចាញ់១ ស្មើ១)។ ក្រុមអាល្លឺម៉ង់មួយនេះស្ថិតលើការឈ្នះការប្រកួតក្រៅដីចំនួន៥ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។ ចំណែកក្នុងការប្រកួត៦លើកចុងក្រោយក្នុងការប្រកួតទាំងអស់ Chelsea ឈ្នះ១ ស្មើ២ និងចាញ់៣។
ការប្រកួតរវាងក្រុម Chelsea នឹងក្រុម Dortmund នឹងធ្វើឡើងនៅវេលាម៉ោង៣អធ្រាត្រម៉ោងនៅកម្ពុជា ក្នុងជំនួបជើងទី២ ហើយប្រសិនបើក្រុម Dortmund បន្តរក្សាសំណាញ់ទីមិនមានគ្រាប់បាល់ទេនោះ នឹងកក់កៅអីទៅកាន់វគ្គ៨ក្រុមជាមិនខាន។ បច្ចុប្បន្នក្រុម Chelsea កំពុងឈរលេខ១០នៅលីកកំពូលអង់គ្លេស ខណៈដែលក្រុម Dortmund កំពុងឈរលេខ២នៅលីកកំពូលអាល្លឺម៉ង់ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)