ភ្នំពេញ ៖ សន្និសីទសារព័ត៌មានស្ដីពីការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» រៀបចំឡើងដោយ យុទ្ធនាការ #BeyondTheGames បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា លោក សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ #BeyondTheGames រួមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ក្រុមហ៊ុនឯកជន ដៃគូសប្បុរស ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូប នៅអគារ The Kampus នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។
មានប្រសាសន៍នាឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថាអត្ថន័យធំនៃការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ក្រោមការរៀបចំរបស់ #BeyondThegames នេះគឺដើម្បីបង្ហាញពីស្មារតីខ្មែរអាចធ្វើបាន តាមរយៈការសម្រេចនូវគោលដៅតែមួយ ស្របតាមស្មារតីតែមួយ បំណងតែមួយ ចូលរួមដោយស័្មគ្រចិត្ត លៈបង់ពេលវេលា ជាមួយយុទ្ធនាការដើម្បីមោទកភាពជាតិ និងបង្កើតអនុស្សាវរីយ៍ ក៏ដូចជាការចងចាំដ៏មិនអាចបំភ្លេចបានសម្រាប់កំឡុងពេលព្រឹត្តិការណ៍កីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ និងក្រោយពេលព្រឹត្តិការណ៍ត្រូវបានបញ្ចប់។ លោក បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាបំណងប្រាថ្នារបស់ស.ស.យ.ក. ក្នុងកម្មវិធីនេះ មិនខុសពីអ្វីដែលយើងធ្លាប់បានធ្វើកន្លងមកនោះទេ គឺការបង្កើតឱ្យមានជាវេទិកា និងការបណ្តុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ធ្វើសកម្មភាពនានាដែលស្របជាមួយការរីកលូតលាស់ក្នុងសង្គមជាមួយគ្នា សម្រាប់ជាប្រយោជន៍វិជ្ជមានដល់កម្ពុជា។
នាឱកាសនោះដែរ លោក សុខ សប្បាយណា បានលើកឡើងថា គោលបំណងនៃការបត់បេះដូងនេះ គឺដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជានៃព្រឹត្តិការណ៍កីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បង្ហាញពីទំហំទឹកចិត្ត និងសេចក្តីស្រលាញ់គាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជា ដែលខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ បង្កើតជាវេទិកា និងជាឱកាសសម្រាប់សាធារណជន និងវិស័យឯកជន ( សប្បុរជន) ព្រមទាំងដៃគូបរិច្ចេគ ចូលរួមគាំទ្រដោយផ្ទាល់ ជាវេទិកាក្នុងការផ្សារភ្ជាប់សាធារណជន អត្តពលិកដែលមានពិការភាព និងវិស័យឯកជន ឬសប្បុរសជនរួមគ្នាតែមួយក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងបង្ហាញ និងបញ្ជាក់ពីទឹកចិត្តរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសតូច តែបេះដូងធំ ( Cambodia small country, Big heart)ផងដែរ៕
ដោយ ៖ សហការី