រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅថ្ងៃអង្គារនេះ បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុននៅប្រទេសអ៉ី
រ៉ាក់ ខណៈដែលសល់ត្រឹម២សប្តាហ៍ទៀតប៉ុណ្ណោះគឺដល់គម្រប់ខួប២០ឆ្នាំ ក្រោយការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកបានផ្តួលរំលំអតីតមេដឹកនាំអ៉ីរ៉ាក់ លោក សាដាម ហ៊ូសេន (Saddam Hussein)។
ពេលទៅដល់ទីក្រុងបាដាដ លោកប្រមុខការពារជាតិអាមេរិក បានបង្ហោះសារលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «ខ្ញុំមកទីនេះដើម្បីបញ្ជាក់ជាថ្មីឡើងវិញនូវភាពជាដៃគូយុទ្ធសាស្រ្តអាមេរិក-អ៉ីរ៉ាក់ ស្របពេលដែលពួកយើងបន្តឆ្ពោះទៅរកប្រទេសអ៉ីរ៉ាក់ដែលមានសន្តិសុខ ស្ថិរភាព និងអធិបតេយ្យជាងមុន»។ ដំណើរទស្សនកិច្ចរបស់លោក
អូស្ទីន កើតឡើងមុនគម្រប់ខួប២០ឆ្នាំ នៃការឈ្លានពានកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ ដែលបានផ្តាច់ជីវិតជនស៉ីវិលអ៉ីរ៉ាក់រាប់សែននាក់ ហើយបង្កឱ្យមានបញ្ហាអស្ថិរភាព ដែលបានជួយបើកផ្លូវសម្រាប់ការកើនឡើងឥទ្ធិពលនៃក្រុមសកម្មប្រយុទ្ធ ISIS បន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងកម្លាំងរបស់ខ្លួន ចេញទៅវិញកាលពីឆ្នាំ២០១១។ លោក អូស្ទីន ក៏ធ្លាប់មានតួនាទីជាមេបញ្ជាការចុងក្រោយបង្អស់នៃកងកម្លាំងអាមេរិកប្រចាំនៅអ៉ីរ៉ាក់ផងដែរ។
កាលពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អាមេរិកបានបញ្ជូនកងទ័ពរាប់ពាន់នាក់ត្រឡប់មកអ៉ីរ៉ាក់វិញ ព្រមទាំងទៅកាន់ប្រទេសស៉ីរី កាលពីឆ្នាំ២០១៤ ក្រោមផ្នែកនៃក្រុមយោធាចម្រុះអន្តរជាតិ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ដែលនៅពេលនោះដណ្តើមកាន់កាប់បានទឹកដីមួយភាគធំរបស់អ៉ីរ៉ាក់និងស៉ីរី។ ក្រុម ISIS ត្រូវបានបោសសម្អាតចេញពីអ៉ីរ៉ាក់កាលពីឆ្នាំ២០១៧ ប៉ុន្តែក្រុមនេះនៅរក្សាបណ្តាញទ្រង់ទ្រាយតូចដែលបន្តសំងំលាក់ខ្លួននៅតាមតំបន់វាលខ្សាច់និងជួរភ្នំ ទាំងក្នុងប្រទេសអ៉ីរ៉ាក់និងស៉ីរី ដើម្បីធ្វើសកម្មភាពឆ្មក់វាយប្រហារណាមួយ។
កាលពីចុងឆ្នាំ២០២១ អ៉ីរ៉ាក់បានប្រកាសពីការបិទបញ្ចប់ប្រតិបត្តិការផ្នែកប្រយុទ្ធរបស់កងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៉ីនតោនមកទល់បច្ចុប្បន្ននៅរក្សាវត្តមានកងទ័ពខ្ទង់២,៥០០នាក់ក្នុងប្រទេសអ៉ីរ៉ាក់ ក្រៅពី៩០០នាក់នៅស៉ីរី ដើម្បីជួយប្រឹក្សាយោបល់ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលផ្សេងៗ ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP