ព័ត៌មានទាន់ហេតុការណ៍៖

លោក សំ នីតូ បានថ្លែងថា គ្រប់ក្រសួង មន្ទីរ អង្គភាពនានា វត្តមានស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ ក្នុងយុគសម័យឌីជីថលយ៉ាងសកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានថ្លែងថា គ្រប់ក្រសួង មន្ទីរ អង្គភាពនានា វត្តមានស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ ក្នុងយុគសម័យឌីជីថលយ៉ាងសកម្ម និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ។

ការលើកឡើងបែបនេះរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានធ្វើឡើង នៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

ពិធីនេះមានការចូលរួមពីអនុប្រធានមន្ទីរ លោកប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីនិងមន្ត្រីជាប់កិច្ចសន្យា សរុប ៤៩នាក់ ស្រី ១៤នាក់ ស្ថិតនៅសាលាប្រជុំធំមន្ទីរវិវឌ្ឍន៍ជនបទខេត្ត។

លោក សំ នីតូ បានកោតសសើរមន្ត្រីរាជការជាស្ត្រីក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានបំពេញការងារយ៉ាងល្អ និងចេះសាមគ្គីភាពគ្នា ធ្វើកិច្ចការងារបម្រើឲ្យមន្ទីរបានយ៉ាងល្អប្រសើរផងដែរ។

លោកបានបន្តទៀតថា ដោយសារតែបច្បុបន្ននេះបច្ចេកវិទ្យាព័ត៌មានវិទ្យាមានភាពទំនើប ដូច្នេះស្ត្រីត្រូវបង្កើនសមត្ថភាពរៀនសូត្របន្ថែមអំពីបច្ចេកវិទ្យាសម័យឌីជីថល បន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការងារផ្សេងៗ ជាពិសេសបម្រើការងារក្នុងមន្ទីរអង្គភាពរបស់ខ្លួនឲ្យប្រសិទ្ធភាពថែមទៀត។

លោក សំ នីតូ បានថ្លែងថា ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង បន្តរំលេចពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងអរគុណសន្តិភាព ដែលបានប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យ ឲ្យរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសាកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់។

លោកបានបន្តថា រាជរដ្ឋាភិបាលបានបង្កើតយន្តការ ផែនការសកម្មភាពជាតិ ដើម្បីឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រី ជាពិសេសការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជាពហុវិស័យនៅតាមខេត្តនានា តាមរយះក្រុមការងារអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឲ្យទាន់ពេលវេលា និង ប្រសិទ្ធភាពស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលនៅ តែបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ក៏បានចែកជូននូវកាដូអនុស្សាវរីយ៍ជូនដល់មន្ត្រីរាជការដែលជាស្ត្រីនៅក្នុងមន្ទីរផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖