ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេស រស់នៅក្នុងភូមិសាស្រ្ត ភ្នំពេញ ឱ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិន និងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមាណ ៤០០នាក់ មកប្រជុំ ដើម្បីផ្សព្វផ្សាយលើ ការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅយ៉ាងណាគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឲ្យបានល្អ ជៀសវាងពួកគាត់ប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ នៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ។

    កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើង នារសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក ហួត ហៃ អភិបារងរាជធានីភ្នំពេញនិង លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

   លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា៖ ការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកប្រជុំនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មានគោលបំណងឱ្យម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់គ្រប់គ្រងជនបរទេសអោយបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេស រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ទប់ស្កាត់ការលែងល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញជាដើម និងទប់ស្កាត់ការលាងសំអាតប្រាក់ ។

 លោក ហួត ហៃ បានបញ្ជាក់ផងដែរថា៖ ជាជំហានដំបូងនេះ យើងគ្រាន់តែធ្វើការផ្សព្វផ្សាយច្បាប់  តែប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឱ្យបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ , អាផាតម៉ិននិងម្ចាស់ខុនដូ ចំនួន៣ខែ គឺខែមេសា  ឧសភា និងមិថុនា ។ ក្រោយពេល៣ខែនេះ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ចទាំង២ភេទ អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ និងក្រសួងការងារនឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មរបស់បងប្អូនតែម្តង ។ ជនបរទេសមករកស៊ី ធ្វើការនិងស្នាក់នៅកម្ពុជា ត្រូវយល់ដឹងពីច្បាប់របស់កម្ពជានិងអនុវត្តឱ្យបានល្អ ជៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ប្រាសចាកពីច្បាប់របស់កម្ពុជា។

    លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍លើកឡើងដែរថា៖ ចំពោះការងារលើនេះ មាន៣ដំណាក់កាលដែលបងប្អូនជាម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូ ត្រូវដឹង ក្នុងនោះទី១ គឺអាជ្ញាធរត្រូវណែនាំនិងផ្សព្វផ្សាយដើម្បីអោយបងប្អូនបានដឹងពីច្បាប់យកទៅអនុវត្ត កុំអោយប្រព្រឹត្តខុសច្បាប់រហូតមានទោសទណ្ឌ ។ ទី២ អនុវត្តវិធានការរដ្ឋបាលដោយ ចុះពិនិត្យដល់ទីតាំង និងទី៣ វិធានការច្បាប់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសុំអោយ បងប្អូនជាម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ ,អាផាតម៉ិននិងម្ចាស់ខុនដូទាំងអស់គ្នា ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយើងរួមគ្នាលុបបំបាត់និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបាន៕

ដោយ ៖ សំរិត


ចែករំលែក៖