ព័ត៌មានទាន់ហេតុការណ៍៖

លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនTwitterអាចមានភាពវិជ្ជមានវិញនៅត្រីមាសក្រោយ

ចែករំលែក៖

​​នាយកប្រតិបត្តិ Twitter លោក Elon Musk បាននិយាយថា ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះនឹងមានលំហូរសាច់ប្រាក់ល្អប្រសើឡើងវិញនៅត្រីមាសក្រោយ បន្ទាប់ពីពួកគេបានកាត់បន្ថយការចំណាយជាច្រើនកន្លងមក។

នៅក្នុងសន្និសីទវិនិយោគិន Morgan Stanley ដែលត្រូវបានផ្សាយតាមអុីនធើណេតលោក Elon Musk បានថ្លែងថា “វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែល Twitter អាចរកលុយបានយ៉ាងលំបាកពីសេវាកម្មផ្ញើរសារ។”​

លោក Musk ក៏បាននិយាយបន្ថែមថា ក្រុមហ៊ុនបានកាត់បន្ថយការចំណាយមិនមែនបំណុលរបស់ខ្លួនមកត្រឹម 1.5 ពាន់លានដុល្លារពីគម្រោងចំនួន 4.5 ពាន់លានដុល្លារក្នុងឆ្នាំ 2023 តាមរយៈការកាត់បន្ថែមការប្រើប្រាស់សេវាកម្ម Cloud ចំនួន 40 ភាគរយ និងបិទមជ្ឈមណ្ឌលទិន្នន័យមួយ។ Twitter ក៏បានបញ្ឈប់បុគ្គលិករាប់ពាន់នាក់ផងដែរ។

បច្ចុប្បន្នក្រុមហ៊ុនក៏ប្រឈមនឹងការទូទាត់ការប្រាក់ប្រចាំឆ្នាំប្រហែល 1.5 ពាន់លានដុល្លារអាមេរិក ដែលចេញពីបំណុលនៃកិច្ចព្រមព្រៀងឯកជនមួយផ្សេងទៀតវិបត្តិមួយទៀតរបស់ក្រុមហ៊ុនTwitterគឺជាការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម។

គួររំលឹកថាលោក Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានទិញ Twitter ក្នុងតម្លៃ 44 ពាន់លានដុល្លារកាលពីខែតុលា។ Twitter មានភាពច្របូកច្របល់ និងភាពមិនច្បាស់លាស់ចាប់តាំងពីការទិញយកដោយមហាសេដ្ឋី Elon Musk ប៉ុន្តែមហាសេដ្ឋីរូបនេះបានបញ្ជាក់ថាវាត្រូវការពេលវេលា២ទៅ៣ឆ្នាំដើម្បីកសាងក្រុមល្អមួយអាចធ្វើឲ្យក្រុមហ៊ុននេះល្អប្រសើរឡើងវិញ ៕

ដោយ ៖ ​ភារៈ​(ប្រភពchannelnewsasia.com)


ចែករំលែក៖